ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ឈ្មោះ HMS SPEY-(P234) បានចាកចេញកំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានបំពេញទស្សនកិច្ចជោគជ័យក្នុងការពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ រយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ឧត្តមនាវីទោ ស្វាយ សុន្ធី មេបញ្ជាការរង ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឱ្យដឹងថា បន្ទាប់ពីបានបំពេញទស្សនកិច្ច អស់រយៈពេល ៥ថ្ងៃកន្លងមកនេះ ក្នុងបេសកកម្មពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (ហ្វឹកហាត់ នូវលំហាត់អគ្គីភ័យ និងទប់ទឹកលើនាវាពេលមានអាសន្ន និងកម្មវិធីប្រកួតកីឡាជាមិត្តភាព ។ល។) ដោយភាពជោគជ័យ និងស្និទ្ធស្នាល នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS SPEY-(P234) បានចាកចេញពីកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព។
សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ឈ្មោះ HMS SPEY-(P234) នេះ មានលក្ខណៈបច្ចេកទេស៖ -បណ្ដោយជាង ៩០ម៉ែត្រ -ទទឹងជាង ១៣ម៉ែត្រ -ជម្រៅទឹកជាង ៤ម៉ែត្រ -ទម្ងន់ផ្ទុក ២.០០០តោន និង-ចំនួនមនុស្ស ៦៧នាក់ ដែលមានមេបញ្ជាការនាវា លោកវរនាវីទោ ម៉ែក ប្រោកមែន (MIKE PROUDMAN) ៕








