ភ្នំពេញ ៖ លំនៅឋានពលរដ្ឋមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់ទាំងស្រុង បន្ទាប់ពីមានការឆ្លងចរន្តអគ្គិសនី
( ទុស្សេខ្សែភ្លើង ) បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ៧០៨Z ផ្លូវ៣៦៨ ក្រុម៥១ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លំនៅឋានដែលត្រូវរងការឆាបឆេះ សាងសង់ឡើងពីថ្មប្រក់ស័ង្កសី មានទំហំ ០៨ម៉ែត្រគុណនិង១០ម៉ែត្រ ។ និងមានម្ចាស់ផ្ទះឈ្មោះ ស៊ូ កូវ ភេទប្រុស អាយុ៨០ឆ្នាំ មុខរបរនៅផ្ទះ ។
យោងតាមប្រភពព័ត៌មាន នៅមុនកើតហេតុ ម្ចាស់ផ្ទះបានដេកនៅក្នុងផ្ទះធម្មតា លុះពេលកើតហេតុ ស្រាប់តែមានជាការឆ្លងចរន្តខ្សែភ្លើង ធ្វើអោយមានការផ្ទុះបែកផ្កាភ្លើងឡើង បង្កអោយអ្នករស់នៅក្នុងនាំគ្នាស្រវេស្រវារត់ចេញក្រៅ ។ ក្រោយការឆ្លងចរន្តមិនបានប៉ុន្មានផងនោះ ក៏ស្រាប់តែមានជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅម្ដងទៅ ។
ភ្លាមៗ កងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងទំនាក់ទំនងទៅកាន់រថយន្តពន្លត់អគ្គីភ័យ អោយចុះអន្តរាគមន៍ពន្លត់ ។
ក្រោយការខិតខំព្យាយាមបាញ់ទឹកទប់ស្កាត់អណ្ដាតភ្លើងរួចមក ការឆាបឆេះនេះត្រូវបានរលត់ទាំងស្រុងទៅវិញ១០០ភាគរយ ក្នុងរយៈពេល១ម៉ោង នៃការអន្តរាគមន៍របស់សមត្ថកិច្ចអគ្គីភ័យ ។
ក្នុងនោះដែរ ពុំមានបណ្ដាលអោយមនុស្សនរណាម្នាក់រងរបួស ឬស្លាប់នោះឡើយ ហើយក៏មិនមានការឆេះរាលដាលបន្តទៅកាន់លំនៅឋានផ្សេងដទៃដែលនៅជាប់នោះផងដែរ ។
ក្នុងការឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប ១៥គ្រឿង ក្នុងការគ្រប់គ្រងស្ថានការណ៍អោយបាន ១០០ភាគរយ ។ ចំពោះមូលហេតុ នៃការឆាបឆេះ សមត្ថកិច្ចបញ្ជាក់ថា មកពីការឆ្លងចរន្តអគ្គិសនី ៕ ដោយ ៖ លីហេង





