ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះនៅក្នុងសេចក្ដីសម្រេចថ្មីចេញនៅល្ងាចថ្ងៃនេះ តែ២ថ្ងៃប៉ុណ្ណោះមុនវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវផុតកំណត់នៅត្រឹមថ្ងៃទី២៨ ខែមេសានេះ។
បើតាមសេចក្ដីសម្រេចនេះ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវបន្តស្ថិតក្រោមវិធានការបិទខ្ទប់ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភាខាងមុខនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ក្នុងសេចក្ដីសម្រេចថា ការបន្តអនុវត្តវិធានការបិទខ្ទប់នេះ គឺផ្អែកទៅលើភាពចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបែងចែកភូមិសាស្ត្រដែលត្រូវបិទខ្ទប់នេះ ទៅជា ៣តំបន់ ក្នុងនោះមាន «តំបន់ក្រហម» ដែលសំដៅដល់តំបន់កំពុងប្រឈមមុខនឹងការឆ្លងរីករាលធ្ងន់ធ្ងរ ហើយបន្ទាប់មកគឺ«តំបន់លឿងទុំ» ដែលសំដៅដល់ភូមិសាស្ត្រមានការឆ្លងរីករាលដាលកម្រិតមធ្យម និង«តំបន់លឿង» ដែលសំដៅដល់ភូមិសាស្ត្រមានការឆ្លងរាលដាលកម្រិតស្រាល។
បើតាមសេចក្ដីសម្រេចនេះ វិធានការបិទខ្ទប់នេះ ត្រូវបានរក្សាខ្លឹមសារដូចមុនដដែល ក្នុងនោះមានការហាមឃាត់បុគ្គលគ្រប់រូបមិនឱ្យចាកចេញពីលំនៅដ្ឋាន ឬទីស្នាក់អាស្រ័យបច្ចុប្បន្ន ហាមឃាត់ការជួបជុំ ឬប្រមូលផ្ដុំមនុស្ស ហាមឃាត់ការលក់ដូរ សកម្មភាពការងារ អាជីវកម្មរ ឬមុខរបរ ជាដើម។ ប៉ុន្តែសេចក្ដីសម្រេចនេះក៏បានរក្សានូវចំណុចលើកលែងជាច្រើនដូចទៅនឹងសេចក្ដីសម្រេចកាលពីមុនផងដែរ៕ អត្ថបទ ៖ សុធី












