ភ្នំពេញ ៖ក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងការណ៍រួមគាំទ្រចំណាត់ការរបស់ក្រសួងព័ត៍មាន ចំពោះករណីសារព័ត៏មាន វិទ្យុ វីអូឌី។ ក្រុមយុវជនក៏បានអំពាវនាវដល់បណ្តាលសារព៌ត័មាន ជាតិ-អន្តរជាតិឱ្យធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយចំណេះដឹងច្បាស់លាស់ និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្រុមយុវជនសង្គមស៊ីវិលដែលថ្លែងការណ៍រួមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលបិទវិទ្យុ វីអូឌីនេះ រួមមាន ក្រុមយុវជនខ្មែរមហានគរ (KYE), ក្រុមយុវជន ១០០ រាត្រី, ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុមអ្នកស្រាវជ្រាវវ័យក្មេង, ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម និងក្រុមយុវជនសន្ដិភាពនិងការអភិវឌ្ឍន៍។
ក្រុមយុវជនជនទាំងនេះ ក៏បានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិឱ្យរួមគ្នាបណ្តុះស្មារតី រួបរួមជាតិជាចំបង ជាមួយនឹងមនសិការក្នុងការផ្សព្វផ្សាយ និងការសម្ដែងទស្សនៈជាតិនិយម ដោយមើលប្រទេសក្នុងគំនិតវិជ្ជមាន ដើម្បីទាំងអស់គ្នាមានឱកាសរួមចំណែកជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជឿនលឿន ជាងខិតខំប្រឹងប្រែង រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង ក្នុងគោលបំណងប្រឆាំងការអភិវឌ្ឍប្រទេសជាតិ ដោយមិនគិតអំពីប្រយោជន៍ជាតិ។
ក្រុមយុវជនបានបញ្ជាក់ថា រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯងបែបនេះ មិនតែប៉ុណ្ណោះអាចបង្កភាពអាម៉ាស់ដល់ប្រជាជាតិខ្លួនឯងទៅវិញ ថែមទាំងអាចផ្ដល់ឱកាសដល់ជនជ្រុលនិយមសម្រាប់ការ ប្រើប្រាស់រូបភាពធ្វើសកម្មភាពផ្សេងៗដើម្បីយកផលចំណេញនយោបាយប្រឆាំង។
ក្រុមយុវជនប្រកាសគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀន ដល់បណ្ដាសារព័ត៌មានផ្សេងៗទៀត។ ករណីការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាន និងឯកសារច្បាស់លាស់ គឺជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់បណ្ដាសាធារណជន និងអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ (សារព័ត៌មានជាអំណាចទី៤)។
ក្រុមយុវជនសង្ឃឹមថា បណ្ដាសារព័ត៌មានសង្គមស៊ីវិលទាំងអស់ ត្រូវហ៊ានទទួលស្គាល់ការពិត និងមានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការបំប៉ោងសមត្ថភាពខ្លួន បំភ្លៃការពិត ជ្រៀតជ្រែកការងារ បំផ្លាញគោល នយោបាយជាតិ ហើយបែរមកចូលរួមចំណែកក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីបុព្វហេតុជាតិពិតប្រាកដសម្រាប់កូនចៅយើង ជំនាន់ក្រោយ៕ អត្ថបទ៖ វ៉ន ដារ៉ា
