ត្បូងឃ្មុំ ៖ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណនៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលពិធីនេះនេះមានពលរដ្ឋជាង ៦ម៉ឺននាក់បានជុំគ្នាចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមស្រុកមេមត់ក្រោមម្លប់សន្តិភាព។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។
ជាង ២០០ ឆ្នាំមកហើយដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករ បានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ។ នេះបើតាមលោកយាយ លោកតានៅតំបន់នេះដំណាលប្រាប់។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមបញ្ជាក់ថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង ៦ ម៉ឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់។
ឯកឧត្តមបានឱ្យដឹងថា ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបានដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។
បើតាមមន្ទីរព័ត៌មានខេត្តកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកម្សាន្ត ពិសេសឯកឧត្តម អភិបាលខេត្ត និងលោកជំទាវបានឧបត្ថម្ភដល់អ្នកដែលចូលរួមប្រកួតចាប់ត្រី ក្នុងនោះចាប់បានច្រើន គីឡូលើសគេទទួលបានប្រាក់រង្វាន់។
សូមបញ្ជាក់ថាការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះពលរថដ្ឋ មកជួបជុំគ្នាលេងកម្សាន្ត និងទស្សនាទេសភាពនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ដំណែលពីដូនតារួមមាន ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម៕






