វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ២ ពិភពលោក Carlos Alcaraz បានគ្រងជើងឯកពានរង្វាន់ Argentina Open ដែលជាពានដំបូងក្នុងឆ្នាំ២០២៣ នេះក្រោយយកឈ្នះកីឡាករអង់គ្លេស Cameron Norrie នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
អតីតកីឡាករលេខ១ ពិភពលោកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានបង្ហាញខ្លួនក្នុងការប្រកួតដំបូងរបស់ខ្លួនផងដែរ តាំងពីមានរបួសកាលពីខែវិច្ឆិកាឆ្នាំមុន។ Carlos Alcaraz បានយកឈ្នះកីឡាករអង់គ្លេស Cameron Norrie ដោយលទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៧-៥ ដើម្បីឈ្នះលើកទី៧ បូករួមទាំង Grand Slam, US Open ឆ្នាំមុន។ ចំណែក Cameron Norrie បានត្រឹមខកបំណងមិនអាចឈ្នះពាននៅក្របខណ្ឌ ATP Tour លើកទី៥ ក្នុងអាជីពរបស់ខ្លួនបាន។
ងាកទៅការប្រកួតកម្មវិធីផ្សេងទៀត កីឡាកររុស្សី Daniil Medvedev បានគ្រងជើងឯក Rotterdam Open នៅប្រទេសហូឡង់ ក្រោយយកឈ្នះកីឡាករអ៊ីតាលី Jannik Sinner ៥-៧ ៦-២ និង ៦-២ ដើម្បីលើកពានដំបូងរាប់ពីខែតុលាដែលឈ្នះចុងក្រោយបំផុតនៅកម្មវិធី Vienna Open ប្រទេសអូទ្រីស។ ជ័យជំនះនេះធ្វើឱ្យកីឡាកររុស្ស៊ីវ័យ ២៧ឆ្នាំរូបនេះដែលបច្ចុប្បន្នឈរលេខ១១ ពិភពលោក នឹងហក់ចូលក្នុងលំដាប់ Top 10 ថ្ងៃចន្ទនេះ៕
អត្ថបទ៖នាង សុភាវុធ