អាល្លឺម៉ង់៖ បណ្ដាមេដឹកនាំលោកខាងលិចបានសន្យាបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន នៅសន្និសីទស្ដីពីសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់។ ទោះយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងច្បាស់ទេថា តើសំណើរបស់ទីក្រុង Kyiv សម្រាប់ការផ្គត់ផ្គង់អាវុធឲ្យបានឆាប់រហ័សនឹងត្រូវបានទទួល ឬអត់។ សន្និសីទរយៈពេល ៣ថ្ងៃបានបញ្ចប់កាលពីថ្ងៃអាទិត្យ។
ប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានប្រាប់ក្រុមអ្នកចូលរួមថា អ៊ុយក្រែនកំពុងប្រឈមកង្វះខាតគ្រាប់រំសេវ និងបានអំពាវនាវឲ្យបង្កើនល្បឿនផ្ដល់ជំនួយខាងយោធាឲ្យបានឆាប់ជាងនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងមុនខួប ១ឆ្នាំដំបូងនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ប្រធានសន្និសីទនេះលោក Christoph Heusgen បានប្រាប់សារព័ត៌មាន NHK ថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជឿថា យើងពុំមានកម្លាំងគាំទ្រអ៊ុយក្រែនទេ។ លោកប្រធានាធិបតី Volodymyr Zelenskyy បានចូលរួមសន្និសីទនេះតាមវីដេអូ និងបានអំពាវនាវឲ្យពន្លឿនការផ្ដល់អាវុធមកឲ្យខ្លួនឲ្យបានឆាប់ជាងនេះ។ ប៉ុន្តែអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅតែប្រុងប្រយ័ត្នដោយលើកឡើងថា គ្រប់សមាជិកសម្ព័ន្ធយោធាណាតូមិនត្រូវបណ្ដោយខ្លួនធ្លាក់ចូលក្នុងជម្លោះនេះទេ៕
អត្ថបទ៖ សុខមាន