បាល់ទាត់៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga កាន់តែតានតឹង បន្ទាប់ពីក្រុមកំពូលតារាងទាំង៣ មានពិន្ទុស្មើគ្នាក្រោយលេងបាន ២១ប្រកួតដូចគ្នា។ ការប្រកួតថ្ងៃអាទិត្យម្សិលមិញក្រុមកំពុងឡើងជើង Borussia Dortmund បានយកឈ្នះ Hertha Berlin ៤-១។

Karim Adeyemi បញ្ជូនមួយគ្រាប់ ស៊ុតបានមួយគ្រាប់ បូករួមទាំង ៣គ្រាប់ទៀតដោយ Donyell Malen, Marco Reus និង Julian Brandt ធ្វើឱ្យ Dortmund ឈ្នះ ៦ប្រកួតជាប់គ្នានៅក្នុងលីគឡើងមកឈរលេខ២ ក្នុងតារាងមាន ៤៣ពិន្ទុ។ ក្រុមកំពូលតារាងនៅតែ Bayern Munich ទោះបីក្រុមការពារជើងឯកមួយនេះចាញ់នៅទឹកដី Monchengladbach ៣-២ ក៏ដោយកាលពីថ្ងៃសៅរ៍។ ការប្រកួតកាលពីថ្ងៃសៅរ៍នោះ Dayot Upamecano លេងបានត្រឹម ៨នាទីក៏ទទួលបានកាតក្រហមធ្វើឱ្យ Bayern Munich ត្រូវលេងមានគ្នាត្រឹម ១០នាក់។
ចំណែកក្រុមលេខ៣ ដែលមាន ៤៣ពិន្ទុដែរនោះគឺ Union Berlin បានខកខាន ៣ពិន្ទុក្រោយស្មើក្រុមបាតតារាង Schalke ០-០ ថ្ងៃអាទិត្យម្សិលមិញ។ នេះជាប្រកួតដំបូងដែល Union Berlin បាត់បង់បីពិន្ទុនៅក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីឈ្នះ ៦ប្រកួតរួចមកហើយនៅគ្រប់ក្របខណ្ឌក្នុងឆ្នាំ២០២៣ នេះ៕
អត្ថបទ៖នាង សុភាវុធ