អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ដំណើរទស្សនកិច្ចដែលមិនបានប្រកាសជាមុនរបស់លោកប្រធានាធិបតី Joe biden មកកាន់ប្រទេសរបស់លោកជាដំណើរដ៏មានសារៈសំខាន់បំផុត ក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់លោកទាំង២ ដែលលោកបាននិយាយថា កំពុងផ្ដល់ក្ដីសង្ឃឹមឲ្យរូបលោកសម្រាប់ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែននៅឆ្នាំនេះ។

លោក Zelenskyy បាននិយាយតាមរយៈការបកប្រែជាភាសាអង់គ្លេស នៅឯសន្និសីទរួមគ្នាជាមួយលោក Biden ថា ការសន្ទនានេះនឹងនាំឲ្យយើងខិតជិតទៅរកជ័យជម្នះលើរុស្ស៊ីនៅឆ្នាំនេះ ហើយយើងសង្ឃឹមថា ឆ្នាំ២០២៣ នេះនឹងក្លាយជាឆ្នាំនៃជ័យជម្នះមុនខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ី។ សង្គ្រាមគ្មានការបង្កហេតុជាមុន និងសង្គ្រាមឧក្រិដ្ឋកម្មរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន និងពិភពលោកទាំងមូល ក៏ដូចជាបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនេះ ត្រូវតែបញ្ចប់ទៅដោយការរំដោះបានដែនដីទាំងមូលរបស់អ៊ុយក្រែនចេញពីការគ្រប់គ្រងរបស់រុស្ស៊ី និងការធានាបានពីសន្តិសុខរយៈពេលវែងសម្រាប់ប្រទេសរបស់យើង ព្រមទាំងអឺរ៉ុប និងពិភពលោកទាំងមូល។
ចំណែកលោក Biden បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា សហរដ្ឋអាមេរិកនៅតែឈរជាមួយអ្នក ហើយពិភពលោកនៅតែឈរជាមួយអ្នក។ លោកបាននិយាយពីការរួបរួមគ្នានៃក្រុមប្រទេសជាង ៥០ ដើម្បីជួយផ្នែកយោធារបស់អ៊ុយក្រែន និងការរួមគ្នាឈានទៅរកការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើសេដ្ឋកិច្ចរបស់រុស្ស៊ី។ លោក Biden បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីចំនួន ៥០០លានដុល្លារអាមេរិក និងដាក់ទណ្ឌកម្មបន្ថែមទៀតលើអង្គភាពនានាដែលកំពុងព្យាយាមផ្ដល់ជំនួយដល់រុស្ស៊ី៕ អត្ថបទ៖ សុខមាន