ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញក្រើនរំលឹកអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សាររដ្ឋទាំង២៥ ត្រូវពិនិត្យឡើងវិញជុំវិញការមិនយកប្រាក់ពីអ្នកលក់តាមកញ្ច្រែងល្អី និងការកំណត់តម្លៃទឹក ភ្លើង នៅតាមផ្សារ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកជាថ្មីឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំងចំនួន២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែពិនិត្យឡើងវិញ ជុំវិញការមិនយកប្រាក់ពីអាជីវករដែលលក់តាមកញ្ច្រែងល្អី និងការកំណត់តម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជធានីភ្នំពេញឱ្យស្របទៅតាមការកំណត់របស់រាជរដ្ឋាភិបាល។
ការក្រើនរំលឹករបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលឯកឧត្ដមដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក ភ្លើងក្នុងផ្សាររដ្ឋនៅរាជធានីភ្នំពេញ ដោយមានការចូលរួមកិច្ចប្រជុំដោយអភិបាលខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់អាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ច្រែងជាដើម ពោល គឺនៅពេលអាជីវករមានបញ្ហាលំបាកអ្វីមួយ អាជ្ញាធរត្រូវជួយគាត់ ដោយមិនត្រូវទុកគាត់លំបាកនោះទេ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ឬសំដីអាក្រក់ជាមួយអាជីវករនោះទេ ប៉ុន្តែ ជុំវិញផ្សារត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ ចំពោះអាជីវករលក់តាមកញ្ច្រែងល្អីត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមកក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាតិឱ្យមានការធ្វើអាជីវកម្ម លក់ទឹក ភ្លើង នៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាលនោះទេ ហើយការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។
នៅជុំវិញផ្សារត្រូវតែមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ការលក់ដូរមិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកប្រាក់ពីអាជីវករ តែមិនត្រូវគ្មានអ្នកសម្អាតបរិស្ថាននោះទេ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



