ភ្នំពេញ ៖ យុវជនប្រមាណជិត៤០០នាក់ បានធ្វើដំណើរបំពេញទស្សនកិច្ចសិក្សា ឈ្វេងយល់ នៅតំបន់ប្រវត្តិសាស្រ្តយោធាកោះថ្មអិច១៦ ដែលមានទីតាំងស្ថិតនៅ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីជម្រុញអោយយុវជនបានយល់កាន់តែច្បាស់ពីសច្ចៈភាពប្រវត្តិសាស្រ្តនៃការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ដែលបានយកជីវិតជាដើមទុន ដើម្បីឆ្ពោះទៅកាន់ការផ្តួររំលំរបបបប៉ុលពតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធី រំលឹកខួបទិវាចងចាំបានផ្តល់បទសំភាសន៍ដល់BTV អោយដឹងថា សមិទ្ធិផលដែលបាននឹងកំពុងសាងសង់នៅក្នុងតំបន់ប្រវត្តិសាស្រ្តយោធាកោះថ្មអិច១៦ មកដល់ពេលនេះ សម្រេចបានប្រមាណ៧៥ភាគរយហើយ ដែលសមិទ្ធិផលទាំងអស់នេះ នឹងក្លាយជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយព្រោះតំបន់ប្រវត្តិសាសស្រ្តនេះ គឺជាទីតាំងនៃការផ្តើមដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបខ្មែរក្រហម ដែលសម្តេចតេជោ ហ៊ុន សែន និង សមមិត្តចំនួន៤នាក់ទៀត បានយកជីវិតទៅប្តូរដើម្បីរំដោះជីវិតប្រជាជនកម្ពុជាចេញពីរបបដ៏ខ្មៅងងឹតកាលពីជាង ៤៥ឆ្នាំមុន។ ឯកឧត្តមនាយឧត្តមសេនីយ៍បានមានប្រសាសន៍បញ្ជាក់បន្ថែមថា កិច្ចការដែលត្រូវបន្តធ្វើនៅតំបន់នេះ គឺបញ្ចប់គម្រោងមហាចេតិយ ដែលទុកសម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនស្នេហាជាតិចំនួន៤៩រូបដែលបានពលិជីវិតក្នុងតំណាក់កាលតស៊ូ ដើម្បីសង្រ្គោះអាយុជីវិតពលរដ្ឋកម្ពុជា ចេញពី របបបខ្មែរក្រហម។ ក្រៅពីនេះ គម្រោងបន្តទៀតគឺនឹងមានការសាងសង់អាគារស្នាក់នៅ បន្ទប់ផ្ទះបាយ បង្គន់អនាម័យ របង ទីតាំងចារិកឈ្មោះ សប្បុរសជនដែលចូលរួមសាងសង់សមិទ្ធិផលទាំងអស់ រួមនឹងសមិទ្ធិផលសំខាន់ជាច្រើនទៀត ដើម្បីប្រែក្លាយទីទាំងនេះជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា និង វៀតណាម ស្របជាមួយនឹងគម្រោងបើកច្រកទ្វារអន្តរជាតិ នៅពេលខាងមុខនេះ។
ឯកឧត្តម នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ ដែលបានដឹកនាំយុវជន និង ប្រជាជនទូទៅ ចុះមកទស្សនកិច្ចសិក្សានៅទីតាំងអិច១៦នេះ បានមានប្រសាសន៍ថាគោលបំណងសំខាន់គឺដើម្បី អោយយុវជនកាន់តែយល់ច្បាស់ពីគុណតម្លៃសច្ចៈភាពពិតនៃការលះបង់របស់សម្តេចតេជោកាលពីជាង ៤៥ឆ្នាំមុន។ ឯកឧត្តម បានមានប្រសាសន៍ថាបន្តថា សម្តេចតេជោ មិនត្រឹមតែជាអ្នករំដោះប្រទេសជាតិអោយរស់រានឡើងវិញនោះទេ ប៉ុន្តែសម្តេចតេជោហ៊ុនសែន ខិតខំរក្សាបាននូវបូរណភាពទឹកដី ឯកភាពជាតិ ដឹកនាំប្រទេសជាតិ និង ប្រជាជនអោយរស់នៅក្រោមដំបូលនៃសន្តិភាព និង ការអភិវឌ្ឍន៍រីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។
តំណាងយុវជន និង ប្រជាពលរដ្ឋដែលបានទៅតំបន់អិច១៦ បានរៀបរាប់ថា ពួកគាត់ព តជារំភើប និងមានមោទកភាពជាទីបំផុត ដែលបានមកដល់តំបន់ប្រវត្តិសាស្រ្តផ្ទាល់ ដែលពីមុនបានត្រឹមលឺ ប៉ុន្តែពេលបានមកដល់ពួកគាត់ពិតជាកោតស្ញប់ស្ញែងនូវគំរូវីរៈភាព របស់សម្តេចតេជោហ៊ុនសែន និង អ្នកតស៊ូស្នេហាជាតិជាច្រើនទៀត បានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និង ប្រជាជនកម្ពុជា ។ ប្រសិនបើពេលនោះសម្តេចតេជោហ៊ុននសែនមិនសម្រេចចិត្តចាកចេញពីទឹកដីកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧នោះទេ មកដល់ពេលនេះ យុវជនកម្ពុជា មិនអាចនឹកស្រម៉ៃបានទេថា តើប្រទេសកម្ពុជា និង ប្រជាជនកម្ពុជា អាចនឹងមានបន្តមកដល់ពេលបច្ចុប្បន្ននេះយ៉ាងណា?
សូមបញ្ជាក់ថា ការសាសង់ សមិទ្ធផលនានានៅទីតាំងនោះ មាន វត្ថុបំណង៖ ដើម្បីចារទុកជាប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយ ឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជា បានឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ, ដើម្បីរំលឹកដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រកោះថ្ម X16 ឲ្យមានតម្លៃជារមណីយដ្ឋានបម្រើឲ្យវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនប្រទេសជិតខាងទាំងពីរ កម្ពុជា និងវៀតណាម តាមប្រសាសន៍របស់សម្តេច តេជោ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 គឺជាកន្លែង តស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧៕ អត្ថបទ ៖ សូដាវណ្ណ












