បាល់ទាត់៖ បន្ទាប់ពីរកឃើញបេក្ខភាព ១៦ក្រុមចុងក្រោយពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨ ឆ្នាំ២០២៣ បានបន្ដការប្រកួតស្វែងរកក្រុមឡើងវគ្គបន្ដទៀតហើយ ខណៈក្រុមទីស្ដីការគណៈរដ្ឋមន្ដ្រីបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីយកឈ្នះក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ២-០ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ នៅទីលាន The Blue Sport Arena។
ជំនួបបើកឆាកវគ្គ ១៦ក្រុមចុងក្រោយនេះ ក្រុមលេខ២ ឡើងមកពីពូល H ទីស្ដីការគណៈរដ្ឋមន្ដ្រីធ្វើបានយ៉ាងល្អដោយវគ្គទី១ បានបើកការនាំមុខក្រុមលេខ១ ពូល A គឺក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ១គ្រាប់មុនដែលធ្វើសម្រេចដោយកីឡាករ យិត ស៊ុនណារោឧត្តម នៅនាទី២៩ មុនកីឡាករដដែលរូបនេះបន្ថែមគ្រាប់ទី២ នៅនាទី៧០ ដើម្បីធានាជ័យជម្នះជូនក្រុមទីស្ដីការគណៈរដ្ឋមន្ដ្រីឡើងវគ្គ ៨ក្រុមចុងក្រោយតែម្ដង។ ដោយឡែកចំពោះបេក្ខភាព និងកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយផ្សេងទៀតរួមមានថ្ងៃទី២៣-កុម្ភៈ ក្រុមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជួបក្រុមក្រសួងមុខងារសាធារណៈ និងក្រុមក្រសួងបរិស្ថានជួបក្រុមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្ងៃទី២៥-កុម្ភៈ ក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជួបក្រុមក្រសួងទេសចរណ៍ និងក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួបក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែកនៅថ្ងៃទី២៦-កុម្ភៈ ក្រុមក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវជួបក្រុមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមក្រសួងសុខាភិបាលជួបក្រុមធនាគារជាតិនៃកម្ពុជា។ រីឯគូចុងក្រោយនៃវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីកាត់សេចក្ដីក្រុមឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រនោះគឺក្រុមក្រសួងអប់រំ យុវជន និងកីឡាត្រូវជួបជាមួយក្រុមក្រសួងព័ត៌មាន។ ការប្រកួតនឹងធ្វើឡើងនៅទីលាន The Blue Sport Arena តែមួយគត់៕
អត្ថបទ៖ លី ឈុនឡា