កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបាននិយាយ ក្នុងបទសម្ភាសន៍ផ្ដាច់មុខរបស់ទូរទស្សន៍ CNN ថា កូរ៉េខាងជើងគឺជាគ្រោះថ្នាក់ និងការគំរាមដ៏ពិតប្រាកដ។ លោក Park Jin បាននិយាយកាលពីថ្ងៃពុធថា ការបាញ់មីស៊ីលជាញឹកញាប់ និងការព្រមានដដែលៗរបស់លោក Kim Jong Un ថា ខ្លួនកំពុងពិចារណាប្រើអាវុធនុយក្លេអ៊ែរតាក់ទិក គឺជាការបង្ហាញពីការឈ្លានពាន និងជាមធ្យោបាយតែមួយគត់ដើម្បីទប់ទល់រឿងនេះបាន គឺតាមរយៈសន្ធិសញ្ញាការពាររបស់សហរដ្ឋអាមេរិក។

លោក Park និយាយថា អ្វីដែលកូរ៉េខាងជើងកំពុងធ្វើគឺជាទង្វើរខុសទាំងស្រុង។ ពួកគេកំពុងពង្រីកការគំរាមដោយមីស៊ីល និងនុយក្លេអ៊ែរ និងកំពុងគំរាមដល់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។ កាលពីសប្ដាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ដែលនិយាយថា អាចត្រូវបានប្រើដើម្បីវាយប្រហារស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោក និងជើងទម្របាញ់រ៉ូកែតពហុជំនាញដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ស្មើនឹងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីដែលអាចបាញ់ទៅដល់គ្រប់ទីកន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
យោងតាមការរាប់ចំនួនដោយទូរទស្សន៍ CNN ការបាញ់មីស៊ីលទាំងនេះបានកើតមានឡើង ក្រោយការបាញ់សាកល្បងច្រើនបំផុតក្នុងឆ្នាំ២០២២ នៅពេលដែលទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលរយៈពេលដល់ទៅ ៣៧ថ្ងៃ ដែលបំពានទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងអាចព្យាយាមដាក់សម្ពាធអាមេរិកដោយការបាញ់សាកល្បងមីស៊ីល ICBM និងអាវុធនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខមាន