ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តយល់ព្រមសំណើរទទួលស្គាល់លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលពោធិសាត់ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព កាលពីកន្លងទៅថ្មីៗនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹង ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ខណៈអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈដូចខាងក្រោមនេះ។
អង្គប្រជុំបានអនុម័តយល់ព្រមសំណើសុំប្រកាសទទួលស្គាល់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលពោធិសាត់ ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៦ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
អង្គប្រជុំបានអនុម័តយល់ព្រមសំណើសុំជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជំនួសលោក ខូយ សុខា។
តាមសេចក្តីប្រកាសព័ត៌មាន ក៏បានលើកឡើងផងដែរថា អង្គប្រជុំក៏បានអនុម័ត សមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ចំនួនបីរូបដែលនាមដូចជា លោក វង វាសនា អាយុ៤១ឆ្នាំ លោកចាប ម៉ុច អាយុ៦៥ឆ្នាំ និងលោក ខឹម ច័ន្ទគិរីអាយុ៦៦ឆ្នាំ។
ជាមួយគ្នានោះដែរ អង្គប្រជុំ ក៏បានសម្រេចអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះដើម្បីអនុម័តរបៀបវារៈខាងលើនេះផងដែរ៕ អត្ថបទ៖ បាន ចក់