ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ក្នុងនាមគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ(គ.ស.ហ) ខ្ញុំសូមប្រកាសជម្រាបជូនថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ហៅកាត់(FATF) បានបង្ហាញព័ត៌មានជាផ្លូវការលើគេហទំព័រ(Website)របស់ខ្លួន ដោយបញ្ជាក់ថា កម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ។

ក្រៅពីបង្ហាញនូវព័ត៌មាននេះ សម្ដេចក្រឡាហោមក៏បានបង្ហាញនូវខ្លឹមសារបកប្រែជាភាសារខ្មែរ និងខ្លឹមសារជាភាសាអង់គ្លេសដែលបានបង្ហោះលើគេហទំព័រ FATF ផងដែរ។ ខ្លឹមសារដែលប្រកាសដោយ FATF បានបញ្ជាក់ជាផ្លូវការថា យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យកំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំង និងការសម្អាតប្រាក់ទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា ខណៈប្រទេសកម្ពុជា និងម៉ារ៉ុកលែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ។
អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់(FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសដកកម្ពុជាជាផ្លូវការចេញពី«បញ្ជីប្រផេះ»នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ កម្ពុជាធ្លាប់ត្រូវបាន FATF ដាក់ឱ្យស្ថិតនៅក្នុង«បញ្ជីប្រផេះ»នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់រយៈពេល ៤ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩ មក។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ ដោយ៖ គង់ ឌិន
