ភ្នំពេញ៖ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹង គិតក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញមានក្រុមហ៊ុន សហគ្រាសចំនួន២៤ បានផ្តល់ឱកាសការងារចំនួនជាង ២,៨០០កន្លែងជូនដល់អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធីវេទិកាការងារ ក្នុងនោះអ្នកសម្ភាសន៍ជាប់ការងារមានចំនួន ៧៩៨នាក់។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុនចូលរួមប្រកាសជ្រើសរើសបុគ្គលិកតាមរយៈវេទិកាការងារមានចំនួន ២៤ក្រុមហ៊ុនដោយផ្តល់ឱកាសការងារចំនួន ២,៨៨៩កន្លែងស្មើនឹង ៥៥១មុខតំណែង។ លោកឲ្យដឹងទៀតថា ក្នុងនោះទទួលបានអ្នកចុះឈ្មោះចូលបម្រើការងារចំនួន ៨៩៨នាក់ (ស្រី ៤៥៨នាក់)។ ជាលទ្ធផលល្អក្នុងកម្មវិធីនេះចំនួន ៧៩៨នាក់ក្នុងនោះស្រី ៣៤៤នាក់។ ពាក់ព័ន្ធវេទិកាការងារនេះដែរ លោកប្រធានបានបញ្ជាក់ថា មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនឹងបន្តរៀបចំរៀងរាល់សប្ដាហ៍ នៃវេទិកាការងារនៅខែបន្តបន្ទាប់ទៀត និងរួមមានទាំងវគ្គបណ្ដុះបណ្ដាលជំនាញទន់, វគ្គបណ្ដុះបណ្ដាលការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារជូនដល់យុវជន សិស្ស និស្សិតដោយឥតគិតថ្លៃផងដែរ។
សូមបញ្ជាក់ថា វេទិកាការងារត្រូវបានរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់ នូវវិធានការបង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។ វេទិកាការងារនេះ ជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង៕



