ភ្នំពេញ ៖ ដោយមានការលើកឡើងជាមតិយោបល់វាយប្រហារ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា ការងារផ្គត់ផ្គង់ និងចែកចាយលក់ស្បៀងអាហារចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញនៅលើទីផ្សារ ពោលមិនមែនជាការឆ្លៀតឱកាសផលប្រយោជន៍ ឬកេងចំណេញអ្វីនោះទេ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឆ្លាស់វេន នៅរសៀលថ្ងៃទី២៧ មេសា ឆ្នាំ២០២១នេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មលក់ស្បៀងមូលដ្ឋានជាបន្ទាន់ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយហេតុថាទីផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន និងក្នុងកំឡុងពេលដែលប្រជាពលរដ្ឋក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្រសួង បញ្ជាក់ថា ទំនិញទាំងអស់នេះ ជាទំនិញដែលមិនមានលក់យកចំណេញអីទេ គឺលក់ត្រឹមតែកំណត់ថ្លៃដើមទំនិញដែលយើងយកចេញពីស្តុកយើងលក់ត្រឹមតែថ្លៃដើមដែលយើងទិញពីរោងចក្រ ឧទាហរណ៍ដូចមី មីជាតិដែលយើងទិញពីរោងចក្រ ទិញប៉ុន្មានយើងលក់ប៉ុណ្ណឹងដើម្បីដោះស្រាយជីវភាពរបស់បងប្អូនក្នុងគ្រាលំបាកនេះ។ ហើយសួរថាហេតុអី លក់ដោយសារទំនិញអស់នេះយកចេញពីស្តុកស្បៀងបម្រុងរដ្ឋ យើងលក់ដើម្បីទិញស្តុកបម្រុងរដ្ឋបំពេញវិញ ពីព្រោះស្តុកស្បៀងបម្រុងរដ្ឋមិនមែនសម្រាប់តែការលក់នេះទេ គឺបម្រើសម្រាប់ចែកជូនប្រជាពលរដ្ឋក្រោមរូបភាពជាស្បៀង ជំនួយឧបត្ថម្ភផ្គត់ផ្គង់នៅពេលមានគ្រោះអាសន្ន។
បើយោងតាមសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់នេះ គឺលក់ក្នុងតម្លៃទាបជាងទីផ្សារ និងស្បៀងមួយចំនួនទៀតដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួង មានផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់ដោយមិនគិតថ្លៃឈ្នួលផងដែរ ដោយគិតមកដល់ថ្ងៃនេះ ក្រសួងបានទទួលការបញ្ជាទិញយ៉ាងច្រើនពីប្រជាជនលើទីផ្សារអនឡាញរហូត ៦០០ការបញ្ជាទិញ។ ទន្ទឹមនេះ ដើម្បីបម្រើតម្រូវការទំនិញជាស្បៀង និងគ្រឿងឧបភោគបរិភោគដទៃទៀតក្រៅពីស្បៀងដែលក្រសួងលក់ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន និងអាជីវករមួយចំនួន ដើម្បីចូលរួមផ្គត់ផ្គង់ទំនិញចាំបាច់ដទៃទៀតជូនដល់ប្រជាពលរដ្ឋ។ តាមរយៈការសម្របសម្រួលនេះ ក្រសួងបានតម្រូវឲ្យមានការលក់តែទំនិញដែលមានតម្រូវការចាំបាច់បំផុត ដូចជា មាន់ ត្រី សាច់ បន្លែ ផ្លែឈើ អាហារសម្រាប់កុមារ និងម្ហូបក្រៀមផ្សេងៗក្នុងតម្លៃសមស្រប និងតម្រូវឲ្យការលក់មានរបៀបរៀបរយតាមវិធានការការពាររបស់សុខាភិបាល។
គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់លក់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចំនួន ២២ស្តង់,រថយន្តចល័តចំនួន ៨គ្រឿង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២២ ដល់២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានលក់ស្បៀងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បានអង្ករ ជាង ១ ៤០០បាវ, មីជាង ៤ ២០០កេស, ត្រីខកំប៉ុងជាង ២ពាន់យួរ, ទឹកត្រីជាង ១ពាន់យួរ, ទឹកស៊ីអ៊ីវជាង ១ពាន់យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវជាង ៦០០ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត៕
អត្ថបទ ៖ ឈិត បូរ៉ាវី






