ត្បូងឃ្មុំ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនគ្រួសារក្រីក្រចំនួន ១០០គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋាន។
ឯកឧត្តម តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្ដោលជ្រុំ ខេត្តត្បូងឃ្មុំ រួមទាំងក្រុមការងារជាច្រើនរូប បាននាំយកអំណោយ និងថវិកាមួយចំនួន ផ្ដល់ជូនដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ដែលកំពុងរស់នៅក្នុងមូលដ្ឋានខាងលើ។
ក្នុងឱកាសផ្ដល់អំណោយជូនគ្រួសារក្រីក្រនេះ ឯកឧត្តម តូច ចាន់នី បានលើកឡើងប្រាប់ទៅប្រជាពលរដ្ឋថា សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅដោយមិនទទួលបានការយកចិត្តទុកដាក់នោះទេ។ ជាពិសេសគឺក្នុងពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមជាច្រើន ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស។
ឯកឧត្តម បញ្ជាក់ថា កម្មវិធីសាច់ប្រាក់ជួយដល់គ្រួសារក្រីក្រកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាកម្មវិធីដ៏ធំ ជាប្រវត្តសាស្រ្តរបស់កម្ពុជា ដែលផ្ដល់សាច់ប្រាក់ជាប្រចាំខែ និងបានជួយសម្រួលជីវភាពគ្រួសារក្រីក្រទូទាំងប្រទេស។
ក្នុងនាមជាក្រុមការងារមួយរូប នៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានបញ្ជាក់ទៅពលរដ្ឋទាំងអស់ ត្រូវពិនិត្យរៀបចំឯកសារសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខ។ ឯកឧត្តមលើកឡើងថា សន្លឹកឆ្នោតមួយសន្លឹក គឺមានតម្លៃណាស់។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតដើម្បីខ្លួនឯង ជាការបោះឆ្នោតដើម្បីប្រទេសជាតិ។
សម្រាប់ប្រជាពលរដ្ឋដែលបានមកទទួលអំណោយ ក៏បានសម្ដែងភាពសប្បាយចិត្ត និងដឹងគុណដល់គណបក្រប្រជាជនកម្ពុជាផងដែរ។ ពួកគាត់លើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងភ្ជាប់ជាមួយទង្វើ តែងជួយគ្រប់ពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រដូចពួកគាត់។
បន្ទាប់ពីបញ្ចប់ការផ្ដល់អំណោយជូន ដល់គ្រួសារក្រីក្រ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ក៏បានបន្តទៅចូលរួមសម្ពោធសាលាមតេយ្យសហគមន៍ ភូមិព្រះអណ្ដូង ផងដែរ។ ជាក់ស្ដែងសាលាមតេយ្យសហគមន៍នេះ គឺមានកុមារតូចៗជិត ៥០នាក់កំពុងសិក្សា៕ អត្ថបទ៖ គឹមហុក