
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្ពុជា នឹងចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយប្រទេសអារ៉ាប់អេមីរ៉េត ហើយក៏កំពុងត្រៀមខ្លួនចុះទីផ្សាសេរីនេះជាមួយប្រទេសមួយចំនួនទៀតផងដែរ ខណៈបច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយប្រទេស ចំនួនពីររួចមកហើយ គឺប្រទេសចិន និងកូរ៉េខាងត្បូង។
ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងមានកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយប្រទេសជាមិត្តជាច្រើនទៀតដើម្បីផល ប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា ហើយក៏ស្របពេលដែលកម្ពុជាកំពុងផ្តល់ឱកាសកាន់តែច្រើនក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាជនរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយ និងប្រទេសចិន កាលពីថ្ងៃទី១ ខែ មករា ឆ្នាំ២០២២កន្លងទៅនេះ ខណៈជាមួយប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ហើយបាន ចុះកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាតំបន់(RCEP) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ផងដែរ។ ក្រោយកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសខាងលើនេះ បានជំរុញឲ្យពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការដែលបរទេសសម្រេចមកដាក់ទុនធ្វើការវិនិយោគជាមួយប្រទេសកម្ពុជានេះគឺដោយសារកម្ពុជាមានសុខសន្តិភាព គ្មានអំពើភេរវកម្ម គ្មានភាពវឹកវរអំពីស្ថានភាពនយោបាយជាដើម៕អត្ថបទ៖ បាន ចក់