បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលើកទី២ ឆ្នាំ២០២៣ គ្រោងនឹងបើកការប្រកួតនាថ្ងៃទី០៣ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយមានបេក្ខភាព ១៩ក្រុមចូលរួម។
ការប្រកួតនេះផ្ដោតលើគោលបំណងសំខាន់ៗពីរ ទី១-ដើម្បីបំផុសសកម្មភាពលេងកីឡាក្នុងខេត្ត និងទី២-ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល និងជាប្រធានគណៈកម្មការរៀបចំការប្រកួតនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស និងចាប់ឆ្នោតបែងចែកពូលកាលពីថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន។ ឯកឧត្តមបានបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមអភិបាលខេត្តកណ្ដាលឆ្នាំនេះកាន់តែពិសេស ដោយមិនត្រឹមបំផុស និងជំរុញយុវជនលេងកីឡា ក៏ដូចជាផ្ដល់នូវទស្សនីយភាពដល់ប្រជាពលរដ្ឋក្នុងខេត្តនោះទេ តែក៏ជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ឆ្នាំផងដែរ។
សូមបញ្ជាក់ថា សម្រាប់បេក្ខភាពចូលរួមប្រកួតពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២៣ នេះគឺបែងចែកជា ៤ពូលក្នុងមួយពូលមាន ៥ក្រុម លើកលែងពូល D ប៉ុណ្ណោះដែលមានត្រឹម ៤ក្រុម។ ចំពោះលទ្ធផលចាប់ពូលវិញ សម្រាប់ពូល A រួមមានក្រុមរដ្ឋបាលខេត្តកណ្ដាល, សមាគមន៍បាល់ទាត់ខេត្តកណ្ដាល, វិទ្យាល័យជ័យវរ្ម័នទី៧, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព និងក្រុម ស.ស.យ.ក កៀនស្វាយ។ ពូល B មានក្រុមយុវជនស្រុកល្វាឯម, យុវជនវត្តសិរីបន្ទាយដែក, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, កងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុម ស.ស.យ.ក ក្រុងតាខ្មៅ។ ចំណែកពូល C មានក្រុមយុវជនស្រុកខ្សាច់កណ្ដាល, ស.ស.យ.ក ស្រុកពញាឮ, យុវជនស្រុកលើកដែក, ក្រុមព្រះនរាយណ៍ និងក្រុមស្អាងយើងស្អាត និងពូល D រួមមានក្រុមយុវជនស្រុកមុខកំពូល, ក្រុមយុវជនស្រុកកណ្ដាលស្ទឺង, ក្រុមសាលាស្រុកកោះធំ និងក្រុមយុវជនស្រុកអង្គស្នួល។ អ្វីដែលពិសេសកីឡាករនៃក្រុមនីមួយៗអាចចូលរួមបានលុះត្រាអាយុ ១៨ឆ្នាំឡើង និងត្រូវមានលំនៅដ្ឋានអចិន្ដ្រយ៍នៅខេត្តកណ្ដាលប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា