ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពសោធនជាតិកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការគា្នទៅវិញទៅមក នៅសាលសន្តិភាព បេឡាជាតិសន្តិសុខសង្គម ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងលោក គីម ឈី-មួក (KIM CHI-MUG) អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិកូរ៉េ ក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍគោលនយោបាយ ការពង្រឹងនិងការពង្រីកដែនវិសាលភាពរបបប្រាក់សោធនក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍គ្រឹះនៃទំនាក់ទំនងដ៏រឹងមាំនាពេលអនាគត រវាងភាគីទាំងពីរ។







