ភ្នំពេញ ៖មកដល់ពេលកំណត់ម៉ោង ៥ រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់ បុគ្គលិកអតីតវិទ្យុ VOD ក្នុងការដាក់ពាក្យស្នើសុំធ្វើការក្របខណ្ឌរដ្ឋ បន្ទាប់ពីវិទ្យុនេះត្រូវបានបិទគ្មានថ្ងៃបើកវិញនោះអតីតបុគ្គលិកវិទ្យុនេះ ចំនួន ២៨ នាក់ ក្នុងនោះមានស្រ្ដី ៦ នាក់បានដាក់ពាក្យស្នើសុំបម្រើការងារក្របខណ្ឌរដ្ឋ។ ការទទួលបានក្របខណ្ឌនេះគឺតាមរយៈការអនុគ្រោះ និងផ្ដល់ឱកាសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមឯកឧត្ដម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ឯកឧត្ដម ប៉ែន បូណា បានប្រាប់ទូរទស្សន៍ BTV នារសៀលថ្ងៃទី២៨ ខែកុម្ភៈនេះថា ថ្ងៃឱសានវាទចុងក្រោយនៃការទទួលពាក្យ បុគ្គលិកអតីតវិទ្យុ VOD នៅវេលាម៉ោង ៥ រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាការកំណត់ជាកំហិតរបស់សម្តេចតេជោ ក្រោយពីការផ្ដល់ឱកាសឱ្យពួកគេមានបុគ្គលមួយចំនួនចូលមករិះគន់ថា បើចូលបម្រើការងាររដ្ឋសុខចិត្តទៅធ្វើស្រែ ឬប្រកបរបបរឡើងត្នោត។
គួររម្លឹកថាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់ការអនុគ្រោះ ផ្ដល់ឱកាសដល់ បុគ្គលិកអតីតវិទ្យុ VOD មានឱកាសចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានដកអជ្ញាបណ្ណ ការផ្សាយ ព្រោះការផ្សាយព័ត៌មានមិនពិត ប៉ពាល់ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល និងកិត្តិយសថ្នាក់ដឹកនាំជាតិ ហើយមិនព្រមកែតម្រូវ ឬសូមទោសជាសាធារណៈចំពោះកំហុសលើការផ្សាយ។
ក្រោយទទួលបានក្តីអនុគ្រោះ និងឱកាសដ៏កម្រនេះ បុគ្គលិកអតីតវិទ្យុ VOD បានមកដាក់ពាក្យចូលបម្រើការងារក្របខណ្ឌរដ្ឋជាបន្តបន្ទាប់។ បើតាមក្រសួងព័ត៌មាន បុគ្គលិកអតីតវិទ្យុ VOD មានចំនួនសរុបជាង ៥០ នាក់ ក្នុងនោះក៏មានបុគ្គលិកជាជនបរទេសមួយចំនួនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
