រត់ម៉ារ៉ាតុង៖ បន្ទាប់ពីការរត់ចម្ងាយ ៤២គីឡូម៉ែត្រឆ្លងកាត់វាលខ្សាច់សាហារ៉ា អ្នករត់រាប់រយនាក់បានមកដល់ជំរំជនភៀសខ្លួន Smara Sahrawi ក្នុងទីក្រុង Tindouf ប្រទេសអាល់ហ្សេរីកាលពីថ្ងៃអង្គារដោយសភាពអស់កម្លាំងខ្លាំង ប៉ុន្តែមានមោទនភាពដែលបានគាំទ្រប្រជាជននៅសាហារ៉ាខាងលិច។
ព្រឹត្តិការណ៍សាហារ៉ាម៉ារ៉ាតុងគឺជាផ្នែកមួយនៅលើគំនិតផ្តួចផ្តើមដើម្បីជួយដល់កុមារនៅ Sahrawi ដែលរស់នៅក្នុងជំរំជនភៀសខ្លួននៅជុំវិញទីក្រុង Tindouf។ ការប្រកួតនេះបានចាប់ផ្តើមនៅជំរំជនភៀសខ្លួន Auserd ហើយបានបញ្ចប់នៅ Smara។ ព្រឹត្តិការណ៍សាហារ៉ាម៉ារ៉ាតុងលើកទី២៣ នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការប្រារព្ធខួបលើកទី៤៧ នៃការប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សាហារ៉ាវី។
ការរត់នេះក៏រួមបញ្ចូលទាំងការរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រផងដែរ។ ប្រទេសម៉ារ៉ុកចាត់ទុកសាហារ៉ាខាងលិចជារបស់ខ្លួន ប៉ុន្តែចលនាឯករាជ្យដែលគាំទ្រដោយអាល់ហ្សេរីទាមទាររដ្ឋអធិបតេយ្យមួយ។ អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសភាគច្រើនរួមទាំងអេស្ប៉ាញបានតស៊ូមតិសម្រាប់ការធ្វើប្រជាមតិឯករាជ្យ ដើម្បីកំណត់ជោគវាសនារបស់សាហារ៉ាខាងលិច៕
អត្ថបទ៖នាង សុភាវុធ