ភ្នំពេញ ៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយសមាគម Rotary Club Likas Bay សមាគម Rotary Club Lu Chou និងមន្ទីរសុខាភិបាលខេត្តសៀមរាប នឹងរៀបចំការវះកាត់ដោយឥតគិតថ្លៃ រយៈពល៤ថ្ងៃ ជូនអ្នកជំងឺមាត់ឆែប/ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ការពិនិត្យអ្នកជំងឺ និងធ្វើឡើងនៅថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅមនី្ទរពេទ្យខេត្តសៀមរាបខាងមុខនេះ ជាមួយគ្នានឹងកម្មវិធីខាងលើនេះ អង្គការស្នាមញញឹមកម្ពុជា និងរៀបចំ «ការដើរដើម្បីស្នាមញញឹម ឆ្នាំ២០២៣» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ បើតាមលោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា បានលើកឡើង អង្គការស្នាមញញឹមកម្ពុជា ដំណើរការរហូតមកដល់សព្វថ្ងៃនេះ ដោយសារមានការឧបត្ថម្ភដោយផ្ទាល់ពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានជួយឧបត្ថម្ភ និងមានការចូលរួមពីសប្បុរសជន ដែលបានកសាងមជ្ឈមណ្ឌលស្នាមញញឹមកម្ពុជា នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ អគារវៈកាត់ទូទៅ កុមារ និងកែលម្អ ដែលក្រុមការងារគ្រូពេទ្យប្រើប្រាស់រាល់ថ្ងៃសម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលមានពិការភាព មាត់ឆែប/ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ។ បច្ចុប្បន្ននេះ យើងក៏បានប្រើប្រាស់មជ្ឈមណ្ឌលនេះ ក្នុងការព្យាបាលវៈកាត់ នៃជំងឺទូទៅជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធក្នុងមនី្ទរពេទ្យ ជាពិសេសផ្នែកសោភណ្ឌសល្យសាស្រ្តឲ្យកាន់តែទំនើប។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះកុមារដែលក្រុមគ្រូពេទ្យទទួលការព្យាបាល វៈកាត់ គឺមានពិការភាពពីកំណើត ហើយកុមារពិការភាពពីកំណើត សង្កេតឃើញថាមានកត្តាច្រើនយ៉ាង ជាពិសេសក្នុងពេលដែលស្រី្តពពោះក្នុងត្រីមាសទី១ ទារកទាមទារក្នុងការលូតលាស់។ ដូច្នេះនៅពេលមានការអាក់ខានលូតលាស់ដោយសារកត្តាណាមួយនោះ និងមកពីបងប្អូនស្រី្ត ប្រើប្រាស់ថ្នាំដោយមិនមានពិគ្រោះជាមួយវជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ និងប្រើថ្នាំដោយគ្មានចេញវេជ្ជបញ្ជាត្រឹមត្រូវ នោះនឹងធ្វើឲ្យអាក់ខានក្នុងការលូតលាស់របស់កុមារក្នុងត្រីមាសទី១នេះ ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន មានការប៉ះពាល់ ហើយការថតឆ្លុះញឹកញាប់ ក៏ត្រូវហាមឃាត់ ហាមជក់បារី និងតាមការសិក្សាស្រាវជ្រាវថ្មីទៀត គឺបង្ករឡើងដោយសារជំងឺស្អូច ដែលធ្វើឲ្យទារកពេលកើតមក គឺអាចមានពិការភាព។ ដូច្នេះក្នុងករណីពពោះដំបូង ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការថែទាំ ជាពិសេសកុំឲ្យមានការខ្វះអាហារូបត្ថម្ភ។ ដែលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងក្នុងការអប់រំសុខភាពដល់បងប្អូនប្រជាពលរដ្ឋយើងដែលជាស្រី្ត ក្នុងអំឡុងពេលដែលពពោះផងដែរ។ លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា ក៏បានអំពាវនាវក្រុមគ្រួសារមានកូនមុខមាត់ឆែប និងក្រអូមឆែប ប្រញាប់មកទទួលយកសេវាវះកាត់ ជាមួយគ្រូពេទ្យឯកទេសក្នុង និងក្រៅប្រទេស ដោយឥតគិតថ្លៃ៕ អត្ថបទ ៖ រដ្ឋា















