បន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីនកម្ពុជា រួមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកយុទ្ធនាការ «ឥណ្ឌាដើម្បីមនុស្សជាតិ» ជំរុំផលិត និងផ្តល់ដៃ ជើង សិប្បនិម្មិតជូនជនមានពិការភាពចំនួន ៦០០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេស ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីឥណ្ឌាដែលបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគិតគូរពីជីវភាពរស់នៅរបស់ជនមានពិការភាព។ ឯកឧត្តម អ៊ុំ រាត្រី ថ្លែងថា ការផ្តល់ដៃ និងជើងសិប្បនិម្មិតនេះ ជាការគាំទ្រ និងលើកកម្ពស់សិទ្ធិស្មើភាពរបស់ជនមានពិការភាព ដែលពួកគាត់ត្រូវទទួលបានសិទ្ធិរស់រានដូចប្រជាពលរដ្ឋធម្មតា។
ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលតែងតែជំរុញរាល់សកម្មភាពទាំងឡាយណាសំដៅដល់ការគាំពារជនមានពិការភាព ដើម្បីទទួលបានការលើកទឹកចិត្ត និងយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោយធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានសិទ្ធិពេញលេញ និងមានជីវភាពល្អប្រសើរ។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់មន្ទីរជំនាញត្រូវបន្តតាមដានពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីកាត់បន្ថយភាពរើសអើង និងភាពក្រីក្ររបស់ពួកគាត់៕ អត្ថបទ៖ ឧត្ដម







