បាល់ទាត់៖ ក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូនេស៊ីអាយុក្រោម ២២ឆ្នាំបានចាប់ផ្ដើមចូលជំរំហ្វឹកហាត់របស់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។

សម្រាប់ការប្រមូលផ្តុំនៅថ្ងៃដំបូងនេះមានកីឡាករតែ ២៨នាក់ប៉ុណ្ណោះដែលបានចូលរួម ក្នុងចំណោមកីឡាករ ៣៤នាក់ដែលត្រូវបានកោះហៅដោយគ្រូបង្វឹកលោក Indra Sjafri ហើយបុរសរូបនេះបានលើកឡើងថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមការហ្វឹកហាត់លើកដំបូង សម្រាប់ការរៀបចំក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងខែឧសភា ហើយថ្ងៃនេះកីឡាករ ២៨នាក់បានចូលរួម។ យើងឃើញកីឡាករស្ថិតក្នុងលក្ខខណ្ឌដ៏ល្អ ហើយនឹងបានធ្វើការហ្វឹកហាត់ក្នុងលក្ខខណ្ឌងាយៗសម្រាប់ថ្ងៃដំបូង»។ គ្រូបង្វឹកក្រុម U22 ឥណ្ឌូនេស៊ីលោក Indra Sjafri បានបន្ថែមថា៖ «កីឡាករដែលនៅសល់ដែលមិនទាន់បានចូលរួមត្រូវបានគ្រោងទុកថា ចូលរួមនៅពេលបន្ទាប់ ហើយក៏សូមអរគុណដល់ក្លិបនៃក្របខណ្ឌទាំង២ លីគទី១ និងលីគទី២ ដែលបានបញ្ជូនកីឡាកររបស់ពួកគេមកចូលរួមជំរំហ្វឹកហាត់នៅពេលនេះ»។

លោក Indra បានឱ្យដឹងទៀតថា សម្រាប់ជំរំហ្វឹកហាត់នៅពេលនេះនឹងត្រូវបានបែងចែកជា ២ដំណាក់កាល។ ដំណាក់កាលដំបូងនឹងត្រូវធ្វើឡើងពីថ្ងៃទី១ ដល់ទី៨ ខែមីនា ខណៈដំណាក់កាលទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ដល់ទី១៦ ខែមីនា។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏កំពុងស្វែងរកការឈ្នះមេដាយមាស ជាលើកដំបូងក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះផងដែរ ខណៈក្រុមរហស្សនាម «មហាគ្រុឌ» មួយនេះធ្លាប់ឈ្នះមេដាយមាសលើកចុងក្រោយតាំងពីស៊ីហ្គេមលើកទី១៦ ឆ្នាំ១៩៩១ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។ សម្រាប់ការចូលរួមស៊ីហ្គេម ៦លើកចុងក្រោយ ក្រុមបាល់ទាត់បុរសឥណ្ឌូនេស៊ីតែងតែបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ៣ដង ប៉ុន្តែរកបានត្រឹមមេដាយប្រាក់៕
