ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ "ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល" ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ភឿង សកុណា។
តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យនិងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរសនិងស្ត្រីក្នុងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈតួនាទីរបស់ស្រ្តី រាជរដ្ឋាភិបាលមានសុច្ឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ជួយជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងផ្តល់លទ្ធភាពចូលរួមយ៉ាងសកម្មចំពោះស្ត្រីក្នុងការងារសង្គម ព្រោះថាស្រ្តីបានដើរតួយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការរួមចំណែកធ្វើឱ្យមានសុខសន្តិភាពយូរអង្វែងរបស់សង្គមជាតិ។
គិតមកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការនារី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំនួនសរុប ៦៥៤រូប ក្នុងនោះថ្នាក់ដឹកនាំ មានចំនួន៦រូប និងទីប្រឹក្សានិងជំនួយការ ៣២រូប។





