កោះកុង៖ កញ្ចុះអង្គុយកម្សាន្តបែបអនាធិតេយ្យ សំណង់រឹងមាំ និងការចាក់ដីចូលចំណីមាត់ព្រែកនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ត្រូវបានលោកអភិបាលរងស្រុកកោះកុង ទុកពេល៣០ថ្ងៃដើម្បីម្ចាស់ដីចំនួន៥ទីតាំងរុះរើ និងជីកកាយអាចម៍ដីចេញ ក្រោយបំពានសម្បត្តិរដ្ឋ។
នៅទីបំផុតទៅ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានដឹកនាំក្រុមមន្រ្តីការិយាល័យជំនាញ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំចុះពិនិត្យវាស់វែងពីផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋនៅឃុំតាតៃ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០២១។
បន្ទាប់ពីពិនិត្យលើទីតាំងឈូសឆាយជាក់ស្តែង ត្រូវបានលោក ណឹម ភិរម្យ អភិបាលរងស្រុកទទួលស្គាល់ថា គឺពិតជាមានសកម្មភាពរំលោភបំពានដីជើងព្រៃភ្នំ និងដីចំណីព្រែកប្រាកដមែន តែមិនច្រើនពេកនោះទេ ដោយបំពានចូលដីរដ្ឋទៅតាមចំណុចខ្លះៗទេដូចជា ដីជើងភ្នំបំពានចូលទទឹង៥ម៉ែត្រ ដីមាត់ព្រែករកឃើញថាបំពានទទឹង២ទៅ៣ម៉ែត្រលើដីសរុបរួមជាច្រើមម៉ែត្រ។
ទាក់ទងនឹងការធ្វើឱ្យទ្រព្យសម្បត្តិរបស់រដ្ឋរងការបំពានប៉ះពាល់នេះ លោកអភិបាលរងស្រុកកោះកុងសម្រេចទុកពេលឱ្យម្ចាស់ដីចំនួន៥នាក់ត្រូវកាយអាចម៍ចេញពីមាត់ព្រែកធម្មជាតិ រុះរើកញ្ចុះសំណង់រឹងមាបែបអនាធិបតេយ្យចេញ និងដាំស្តារព្រៃឈើវិញ ក្នុងរង្វង់ពេល១ខែគិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។
កន្លងទៅ មុននឹងមានប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានបានចុះផ្សាយព័ត៌មានករណីខាងលើជាបន្តបន្ទាប់មក គឺអាជ្ញាធរស្រុកកោះកុង ធ្លាប់បញ្ជាឱ្យក្រុមខិលខូចទាំងនោះបញ្ឈប់សកម្មភាព ឈូសឆាយដីជាបណ្តោះអាសន្នសិន ចាំការចុះពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសឱ្យច្បាស់លាស់ ខណៈអាជ្ញាធរពុំមានចេញលិខិតអនុញ្ញាតឱ្យជីកឈូសឆាយដីជើងភ្នំ និងចាក់អាចម៍ដីចូលចំណីព្រែកធម្មជាតិ។ ទោះបីជាតំបន់ដីធ្លីតំបន់ជាដីក្នុងសហគមន៍មានការទិញលក់ស្របច្បាប់ក៏ដោយចុះ។
អ្នកស្រី ប៊ុន មួយ ជាភរិយារបស់លោក តេង ប៊ុន និងលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង តំណាងឱ្យអ្នកស្រី ម៉ម សុថាវី សុំមិនបកស្រាយអ្វីដែលជាចំណាត់ការបែបរដ្ឋបាលស្រុកនោះទេ ទោះបីជាក្រុមអ្នកសារព័ត៌មានព្យាយាមសុំសម្ភាសន៍ពួកគាត់នៅទីតាំងផ្ទាល់ក៏ដោយ៕



