បាល់បោះ៖ អាជ្ញាធរក្រុង Los Angeles បានយល់ព្រមបង់ប្រាក់ឱ្យភរិយា Kobe Bryant ជិត ២៩លានដុល្លារអាមេរិក បន្ទាប់ពីអ្នកឆ្លើយតបដំបូងបានចែករំលែករូបថតដ៏គួរឱ្យរន្ធត់ នៃការធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់តារាឆ្នើមរបស់ NBA។
Bryant និងកូនស្រី Gianna និងមនុស្ស ៧នាក់ផ្សេងទៀតបានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានបុកជ្រលងភ្នំក្បែរទីក្រុង Los Angeles កាលពីខែមករា ឆ្នាំ២០២០។ មន្ត្រីមានសមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុបានផ្តិតយករូបភាពនៃសាកសព រួមទាំងបំណែកសាកសពវីរៈបុរសបាល់បោះរបស់ក្លិប Los Angeles Lakers រួមជាមួយកូនស្រី។
ស្ត្រីមេម៉ាយដែលជាភរិយារបស់ Kobe Bryant អ្នកស្រី Vanessa បានប្តឹងទាមទារការខូចខាតផ្លូវចិត្តជុំវិញរូបភាពដ៏សោកសង្រេងទាំងអស់នោះ ដែលនាងខ្លាចថ្ងៃណាមួយនឹងបែកធ្លាយលើអ៊ីនធឺណិត។ នៅពេលនេះអាជ្ញាធរ Los Angeles បានយល់ព្រមបង់ប្រាក់ចំនួន ២៨.៨៥លានដុល្លារអាមេរិក ដើម្បីដោះស្រាយរាល់វិវាទដែលទាក់ទងនឹងការធ្លាក់យន្តហោះ៕
អត្ថបទ៖នាង សុភាវុធ