
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតនៅក្នុងសង្កាត់បឹងធំ ក្នុងខណ្ឌកំបូល ដើម្បីជំរុញការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាន សង្កាត់ពងទឹក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ចុះមថមសីលា បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលគម្រោងនេះ គ្រោងសាងសង់មានរយៈពេល ៧ខែ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣។ តាមរយៈគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ គឺគ្រោងផលិតទឹកចំនួន ៥ ០០០ម៉ែត្រគីប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋចំនួន ១០ភូមិ សរុបប្រមាណជា ៣ ០០០គ្រួសារ នៅក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាន សង្កាត់ពងទឹក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤លានដុល្លារ ក្នុងនោះ ស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤ លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ៕



