ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) របស់កម្ពុជា វរៈសេនីយទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត នៅក្នុងតំបន់បេសកកម្មថែរក្សាសន្តិភាពUN នៅប្រទេសមាលី កាលពីថ្ងៃទី៩ កុម្ភៈកន្លងទៅនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាពផងដែរនោះ ពេលអញ្ជើញគោរពវិញ្ញាក្ខន្ធនៅគេហដ្ឋានគ្រួសារសព ក៏បាននាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកស្រី វង្ស ស្រីខួច ភរិយាគ្រួសារសព នៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងសារលិខិតនោះ បានសរសេរថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយជាទីបំផុត ដោយលោក វរសេនីយ៍ទោ ភឿក ជីវន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំតំបន់ បេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិUN នៅសាធារណរដ្ឋម៉ាលី បានពលី ដោយជំងឺសួតធ្ងន់ធ្ងរ នៅថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៣នេះ វេលាម៉ោង ២២និង៥០ យប់ ម៉ោងនៅប្រទេសម៉ាលី។
ក្នុងសារលិខិតសម្តេចតេជោ បានសរសេរទៀតថា ការបាត់បង់រូប វរសេនីយ៍ទោ ភឿក ជីវ័ន្តគឺជាការបាត់បង់យោធិនមួយរូប ដែលមានការលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់UNក្នុងនាមមនុស្សធម៌។
ក្នុងក្របខណ្ឌ នៃការបំពេញបេសកកម្ម វរសេនីយទោ ភឿក ជីវ័ន្ត បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយសជាតិ មាតុភូមិ ក៏ដូចជាកងយោធពលខេមរភូមិលើឆាកអន្តរជាតិ។
ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសពទ័ពមួកខៀវនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន នាំយកថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១ម៉ឺនដុល្លារអាមេរិកជូនលោកស្រី វង្ស ស្រីខួច ភរិយាគ្រួសារសពផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា មានកម្លាំងមួកខៀវសរុបចំនួន៨៨៥៩នាក់ ក្នុងនោះនារីចំនួន ៦៨១នាក់ ធ្លាប់បានបញ្ជូនចេញបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសចំនួន៩ ដែល មាន១១បេសកកម្ម ក្នុងនោះមានកម្លាំងមួកខៀវកម្ពុជា ចំនួន ១១នាក់ បានរងពលីនៅក្នុងតំបន់បេសកកម្ម៕ អត្ថបទ៖ ស៊ុម សុខជា






