កំពង់ស្ពឺ ៖ ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានស្តីទីក្រុមការងារចុះជួយឃុំត្រពាំងជោ តំណាងឯកឧត្តម លេង ផាលី អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៤ឃុំ បានអៈអងថា គណបក្សប្រជាជនកម្ពុជា រកសុខសន្តិភាព ការពារសន្តិភាព សុវត្ថិភាពនិងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន យ៉ាងដូច្នេះ នាឱកាសប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី លើកទី២ ចំនួន២០៩នាក់ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ«ស្រី្តរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅទីស្នាក់ការគណបក្សឃុំ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម វេជ្ជបណ្ឌិត បន្តថា ថ្ងៃនេះជាលើកទីពីរ គណបក្សប្រជាជនកម្ពុជាឃុំត្រពាំងជោ មានមោទនភាព និងសប្បាយរីករាយក្រៃលែង ដែលបានទទួលសមាជិក សមាជិកាថ្មី ចំនួន ២០៩នាក់ ស្រីចំនួន១១៩នាក់ បានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ចំពោះជាតិ មាតុភូមិ ពិសេសរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការពារជាតិ ស្តារ និងកសាងប្រទេសឡើងវិញ ការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍសង្គម-សេដ្ឋកិចច លើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តម វេជ្ជបណ្ឌិត តូច យ៉ាន បានបញ្ជាក់ទៀតថា ក្រោយពេលបានទទួលពាក្យសុំចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងទទួលបានសេចក្ដី សម្រេចពីគណបក្សឃុំរួចហើយ បងប្អូនយើងមានតួនាទី ភារកិច្ច នៅចំពោះមុខជាច្រើនដូចជា៖ កសាងខ្លួនជាបុគ្គលគំរូ ធ្វើអំពើល្អ សុភាពរាបសារជាមួយប្រជាជន មហាជន ធ្វើឲ្យប្រជាជន មហាជនគោរពស្រឡាញ់។ បំរើប្រជាជន មហាជន ដោយស្មោះត្រង់ មិនប្រកាន់បក្សពួកនិន្នាការនយោបាយឡើយ។ ត្រូវចេះការពារបក្ស ស្រឡាញ់គណបក្ស មានសាមគ្គីភាពល្អផ្ទៃក្នុងបក្ស ចេះយកអាសារគ្នា ការពារគ្នា ជួយគ្នា គ្រប់កាលទេសៈ និងចូលរួមគ្រប់សកម្មភាពការងារភារកិច្ចបក្សចាត់តាំង ឬជ្រើសរើសនានា និងចូលរួមកសាងបក្ស ពង្រីកបក្ស ចេះចលនាអូសទាញប្តីប្រពន្ឋ កូនចៅ ម៉ែឪ សាច់ញាតិយើងឲ្យមកចូលរួមជីវភាពនយោបាយជាមួយយើងជាដាច់ខាត កុំឲ្យផ្ទះមួយមានគណបក្ស២ ឬ៣ឲ្យសោះ។ ជាពិសេសដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ សូមស្នើដល់សមាជិកបក្សគ្រប់រូបឱ្យទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើមជោគជ័យលើការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ខាងមុខនេះ ជាពិសេសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដោយស្មោះចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ពេលអនាគត។
តមកលោក ទេព ណែម ប្រធានគណបក្សឃុំត្រពាំងជោ បានអានសេចកី្តសម្រេចបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន២០៩នាក់ ក្នុងនោះស្រីចំនួន១១៩នាក់ ព្រមទាំងប្រគល់សេចកី្តសម្រេចបញ្ចូលសមាជិកបក្សថ្មី និងដើម្បីអបអរសាទរថ្ងៃប្រកាសទទួលស្គាល់សមាជិកចូលថ្មីនាថ្ងៃនេះ ស្របពេលដល់ថ្ងៃអបអរសាទរ សិទ្ធិនារី អន្តរជាតិ ៨មីនា លោក ងួន វាសនា អនុប្រធានគណបក្សឃុំ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រនរោត្ត មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រី្តដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។
ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់បានប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រគណបក្ស ដោយឆន្ទះមនសិការខ្ពង់ខ្ពស់បំផុត និងអំណោយឧបត្ថម្ភដល់សមាជិក សមាជិកាផងដែរ៕ អត្ថបទ ៖ រដ្ឋា










