ភ្នំពេញ៖ ការបណ្ដុះបណ្ដាលអ្នកស័្មគ្រចិត្ត ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣នេះ។ ការបណ្ដុះបណ្ដាលនេះ គឺផ្តោលើប្រធានក្រុមបង្គោលប្រមាណ៣០០នាក់។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ បានលើកឡើងនៅព្រឹកនេះថា បច្ចុប្បន្នមានប្រជាពលរដ្ឋដាក់ពាក្យចូលរួមជាអ្នកស្ម័គ្រចិត្តចំនួនជាង៨០០០នាក់ ក្នុងនោះគឺសម្ភាសន៍រួចរាល់ក្នុងចំនួនប្រមាណ ៥០០០នាក់។
ឯកឧត្តមបន្តថា កិច្ចការបន្ទាប់នេះ គឺជាការរៀបចំធ្វើការបណ្ដុះបណ្ដាល។ ការបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា ដោយផ្តោតសំខាន់លើអ្នកស្ម័គ្រចិត្តជាប្រធានក្រុមបង្គោលក្នុងចំនួន ប្រមាណ៣០០នាក់ ពុំមែនបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តគ្រប់រូបនោះទេ។ ចំពោះការបណ្ដុះបណ្ដាលនេះ គឺអាចរៀបចំឡើងជាច្រើនសារ លើសពីមួយដង ដើម្បីធានាថា ការរៀបចំព្រឹត្តិការណ៍កីឡាធំទាំងពីរប្រព្រឹត្តទៅបានរលូន។
អ្នកស្ម័គ្រចិត្តដែលត្រូវការ សម្រាប់ចូលរួមចំណែករៀបចំព្រឹត្តិការណ៍កីឡាសំខាន់ទាំងពីរនេះ បើកឱកាសឱ្យ បុគ្គលគ្រប់រូប ដោយមិនប្រកាន់វ័យ មិនប្រកាន់ជាតិសាសន៍ រឺកម្រិតចេះដឹងផ្នែកភាសានោះទេ។ លើសពីនេះ ក៏បើកឱកាសឱ្យជនមានពិការភាព អាចចូលរួមធ្វើជាអ្នកស័្មគ្រចិត្តផងដែរ។ កន្លងមកនេះ ក៏មានជនបរទេស សិស្សនិស្សិត អ្នកធ្វើការ ក៏ដូចជាអ្នកមានវ័យលើសពី ៤០ឆ្នាំ បានទៅសម្ភាសន៍ ធ្វើជាអ្នកស្ម័គ្រចិត្តដែរ។
សូមបញ្ជាក់ថា តាមគោលការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា មានតម្រូវការអ្នកស្ម័គ្រចិត្តចំនួន ៧០០០នាក់ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះ។ ឆ្នាំ២០២៣នេះជាឆ្នាំដំបូង ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលរង់ចាំអស់រយៈពេល៦៤ឆ្នាំហើយ៕ អត្ថបទ៖គឹមហុក