ស៊ីរី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រសួងការបរទេសស៊ីរីកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា បានថ្កោលទោសដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានទ័ពមួយកន្លែងនៅភាគឦសានដែលគ្រប់គ្រងដោយជនជាតិឃឺដ ដោយបានចាត់ទុកសកម្មភាពនេះថាខុសច្បាប់។
នៅក្នុងដំណើរទស្សនកិច្ចភ្លាមៗរបស់លោកកាលពីថ្ងៃសៅរ៍ នាយសេនាធិការចម្រុះលោក Mark Milley បានជួបជាមួយទាហានអាមេរិកដែលឈរជើងនៅក្នុងតំបន់នានា ក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្គ្រាមក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ។ ទាហានអាមេរិកប្រមាណ ៩០០នាក់ត្រូវបានដាក់ពង្រាយនៅតាមមូលដ្ឋាន និងប៉ុស្តិ៍ច្រើនកន្លែងនៅទូទាំងភាគឦសានប្រទេសស៊ីរី ជាផ្នែកនៃការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាមនៅសេសសល់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសថា ប្រទេសស៊ីរីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះដំណើរទស្សនកិច្ចរបស់នាយសេនាធិការអាមេរិក ទៅកាន់មូលដ្ឋានយោធាអាមេរិកដោយខុសច្បាប់នៅភាគឦសានប្រទេសស៊ីរី។
មន្ត្រីក្រសួងការបរទេសនិយាយថា ដំណើរទស្សនកិច្ចរបស់លោក Milley គឺជាការរំលោភលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសស៊ីរី ដោយអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពានជាប្រព័ន្ធលើច្បាប់អន្តរជាតិ និងការគាំទ្រចំពោះក្រុមប្រដាប់អាវុធផ្តាច់ខ្លួន។ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Bashar al-Assad ចាត់ទុកការដាក់ពង្រាយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ថាជាការចូលគ្រប់គ្រង ហើយបានចោទប្រកាន់កងកម្លាំងឃឺដដែលចូលបក្សសម្ព័ន្ធសហរដ្ឋអាមេរិកថាជាក្រុមផ្តាច់ខ្លួន។ ប៉ុន្តែមន្ត្រីឃឺដបានបដិសេធរាល់ការប៉ុនប៉ងផ្តាច់ខ្លួន និងបាននិយាយថា ពួកគេព្យាយាមរក្សាការគ្រប់គ្រងខ្លួនឯង ដែលទីក្រុងដាម៉ាសមិនទទួលស្គាល់៕
អត្ថបទ៖ ប៊ុនថន