ភ្នំពេញ ៖ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម នៃក្រសួងធម្មការ និងសាសនា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សហការជាមួយអគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន បារៀបចំបើកនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម លើកទី២៧២ ស្មើនឹង ៩៤១ ចំណងជើងព្រះធម៍។
នាឱកាសបើកនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម លើកទី២៧២ មានការសម្តែងព្រះធម៌អំពី កិលេសវគ្គ ដោយព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ជាព្រះមេគណស្តីទី គណៈធម្មយុត្តិកនិកាយ រាជធានីភ្នំពេញ គង់នៅវត្តព្រះធម៌កំពូលត្រ័យភព ខេត្តកណ្តាល ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ។
-ព្រះក្រចេះធម្មគន្ធាភិរម្យមុនី អ៊ួច រិទ្ធីក្រៃ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះចក្កវរគុណ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តក្រចេះ គង់នៅវត្តផល្លារាមទួលមនោរម្យ ស្ថិតក្នុងខេត្តក្រចេះ សម្តែងអំពី៖ សេចក្តីលោភជាអន្តរាយដល់កុសលធម៌ទាំងឡាយ(លោភោ ធម្មានំ បរិបន្ថោ)។
-ព្រះទស្សន៍ទានមុនី ស្ទួន តេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះជំនួយការផ្ទាល់សម្តេចព្រះមហាសង្ឃរាជ គង់នៅវត្តស្វាយពពែ រាជធានីភ្នំពេញ សម្តែងអំពី៖ សេចក្ដីទុក្ខក្រៅពីកាមមិនមាន(នត្ថិ កាមា បរំ ទុក្ខំ)។
ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងថា ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម។ ព្រមទាំងបានចូលរួមបង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ចៀសផុតពីគ្រឿងញៀន គ្រឿងស្រវឹងពីការជួញដូរមនុស្ស ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម បង្ការគ្រោះថ្នាក់ចរាចរណ៍, ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត ការចិញ្ចឹមកូនបែបវិជ្ជមាន និងដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩(COVID-19) និងអនុវត្តវិធានការ«៣ការពារ និង៣កុំ» និងជួយផ្សព្វផ្សាយពីហានី ភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាសចិនសែ ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់៕ អត្ថបទ៖ រដ្ឋា










