
ភ្នំពេញ៖ ជាមួយនឹងការរីករាយនឹងវឌ្ឍនភាពការងារ នៃក្រុមហ៊ុនការសាងសង់ព្រលានយន្ដហោះខេត្តសៀបរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឲ្យការសាងសង់ត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់មុននឹងបើកការហោះហើរសាកល្បងនៅខែមិថុនា និងបើកការហោះហើរនៅខែតុលា។
នេះគឺជាអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក Liu minglin អគ្គនាយក អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនYunnan inv.Group សាងសង់អាកាសយានដ្ឋានសៀមរាបអង្គរចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពល្ងាចថ្ងៃទី៦មីនា។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ថាជាមួយនឹងការគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម អគ្គលេខាបក្សខេត្តយូណាន និងអភិបាលខេត្តយូណាន ជូនចំពោះសម្តេចតេជោ លោកLiu minglin បានគោរពរាយការណ៍ជូនសម្ដេច ហ៊ុន សែន អំពីវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ដែលរហូតមកដល់ពេលនេះ លោកថាបានសាងសង់សម្រេចបាន ៨៦%ហើយៗគ្រោងនឹងដាក់ការហោះហើរសាកល្បងនៅខែមិថុនាខាងមុខនិងបើកការហោះហើរជាផ្លូវការនៅខែតុលា។
លោក Liu minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចផងដែរ អំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះខេត្តសៀមរាបនេះឲ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញទេសចរណ៍មកកាន់កម្ពុជាផង និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាផង ហើយលោកក៏បានបញ្ជាក់ពីបំណងក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅខេត្តសៀមរាបផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការរីករាយជាមួយនឹងវឌ្ឍនភាព នៃការងាររបស់ក្រុមហ៊ុន ហើយសម្តេចក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់និងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់មុននឹងបើកការហោះហើរ។
សម្ដេចបានមានប្រសាសន៍បន្តថា ព្រលានយន្តហោះនេះមានតួនាទីធំក្នុងការតភ្ជាប់មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែបានតភ្ជាប់រវាងប្រទេសផ្សេងៗទៀត ដែលពីមុនមកយន្តហោះធំៗមិនហ៊ានចុះចតឡើយ។សម្ដេចតេជោ ហ៊ុន សែនក៏បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការធ្វើការផ្សព្វផ្សាយទាក់ទាញការហោះហើរមកកាន់ខេត្តសៀមរាបនិងបំណងនាំវិនិយោគិននិងការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។
សម្ដេចបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាផលិតទាំងសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅប្រទេសក្រៅផងនិងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផង៕