ណាតូ៖ ប្រមុខសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បានព្រមានកាលពីថ្ងៃពុធ ទី៨មីនាថា ទីក្រុង Bakhmut ភាគខាងកើតរបស់អ៊ុយក្រែនអាចនឹងដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេលជាច្រើនខែ។

ការអត្ថាធិប្បាយរបស់លោកបានកើតមានឡើង ខណៈក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណារបស់រុស្ស៊ី ដែលបានឈានមុខក្នុងការវាយប្រហារលើទីក្រុង Bakhmut នោះបានអះអាងពីការដណ្ដើមយកបានតំបន់ភាគខាងកើតទីក្រុងឧស្សាហកម្មនេះ ក្នុងសមរភូមិប្រយុទ្ធដ៏យូរបំផុតចាប់តាំងពីទីក្រុង Moscow បើកការវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងទីក្រុងស្តុកខុម (Stockholm) ប្រទេសស៊ុយអែត កំពុងពិភាក្សាពីផែនការបង្កើនការផលិតគ្រាប់រំសេវ និងការការពារឲ្យបានឆាប់រហ័សចំពោះប្រទេសអ៊ុយក្រែន ខណៈប្រើគ្រាប់រំសេវអស់រាប់ពាន់គ្រាប់ក្នុងមួយថ្ងៃ។
ប្រមុខក្រុមហ៊ុនវ៉េកណា និងជាសម្ព័ន្ធមិត្តរបស់វិមានក្រឹមឡាំងលោក Yevgeny Prigozhin បាននិយាយនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធថា កងកម្លាំងរបស់លោកបានដណ្ដើមយកផ្នែកភាគខាងកើតទាំងអស់នៃទីក្រុង Bakhmut ជាទីក្រុងផលិតអំបិល ដែលមុនសង្គ្រាមមានប្រជាជនប្រមាណ ៨ម៉ឺននាក់។ លោក Stoltenberg ក៏បាននិយាយផងដែរថា មិនអាចច្រានចោលបានទេថា ទីក្រុង Bakhmut អាចនឹងដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕ អត្ថបទ៖ សុខមាន
