វ៉ូវីណាម៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា កីឡាការិនីក្រៅពីផ្ដោតលើការហ្វឹកហាត់ ក៏ដូចជាការប្រកួតប្រជែងដណ្ដើមមេដាយ និងកិត្តិសយជូនជាតិ ពួកគេអាចធ្វើការងារផ្ទះបានដែរ មានន័យថាកីឡាការិនីមានភារកិច្ចច្រើនជាងកីឡាករទៀតផង។
ការលើកឡើងនេះ បន្ទាប់ពីប្រធានសហព័ន្ធរូបនេះបានធ្វើការជួបសំណេះសំណាល ជាមួយកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីជំរុញ និងលើកទឹកចិត្តបន្ថែមត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ក្នុងឱកាសខួបលើកទី១១២ នៃទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនាកាលពីម្សិលមិញ។ ឯកឧត្តមបានបង្ហាញការគោរពស្រលាញ់ និងកោតសរសើរចំពោះកីឡាការិនីរបស់ខ្លួន ក៏ដូចជាកីឡាការិនីនៃប្រភេទកីឡាផ្សេងៗដែលបានលះបង់ និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។ ហេតុនេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឲ្យមានការផ្ដល់តម្លៃខ្ពស់ដល់ស្ដ្រី ពិសេសកីឡាការិនី ដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគេឲ្យកាន់តែខិតខំប្រឹងប្រែង និងប្រជែងមេដាយជូនជាតិក្នុងការប្រកួតអន្ដរជាតិនានា។
ទន្ទឹមជាមួយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធនេះដែរ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជាបានសម្ដែងការសប្បាយចិត្ត និងមានភាពកក់ក្ដៅ ហើយពួកគេបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីលើកមុខមាត់ប្រទេសជាតិតាមរយៈវិស័យកីឡា ពិសេសស្វែងរកមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ។ គួរដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះស្ដ្រីលើគ្រប់វិស័យ ជាក់ស្ដែងក្នុងទិវាសិទ្ធិនារីអន្ដរជាតិឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំខួបលើកទី១១២ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ ក្រឡេកមកវិស័យកីឡាវិញ ស្ដ្រីក៏កំពុងឈានមុខក្នុងការដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាជូនជាតិផងដែរ៕
អត្ថបទ៖ លី ឈុនឡា