ភ្នំពេញ៖ តាមការគ្រោងទុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាក់ផ្សាយល្ខោនអាប៉េនៅក្នុងផេកហ្វេកប៊ុករបស់ក្រសួង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ប្រភេទរឿងល្ខោនដែលត្រូវចាក់ផ្សាយនោះ គឺមានចំណងជើងថា បុរសទំពែកទាំង៤។ នេះបើតាមប្រសាសន៍លោក ស៊ុំ ចាន់ធឿន ប្រធានការិយាល័យសិល្បៈទស្សនីយភាព និងនិតិកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាគ្រូល្ខោនអាប៉េ បានផ្តល់បទសម្ភាសជាមួយ BTV នៅថ្ងៃទី១០ខែមីនានេះ។
នៅក្នុងបទសម្ភាសនោះ លោកបានបន្តថា បច្ចុប្បន្នក្រុមសម្តែងល្ខោនអាប៉េ កំពុងមមាញឹកហាត់សម្តែងរឿងបុរសទំពែក៤នាក់ ដើម្បីឱ្យការសម្តែងបានល្អ និងមានភាពទាក់ទាញនៅពេលទស្សនិកជនបានទស្សនាតាមទំព័រហ្វេសប៊ុក។
លើសពីនេះ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមលើកស្ទួយល្ខោនអាប៉េតាមគ្រប់រូបភាព ដើម្បីឱ្យល្ខោននេះរស់រវើកបន្តទៅមុខទៀត។
អ្នកសម្តែងល្ខោនអាប៉េ បានលើកឡើងដែរថា កន្លងទៅការសម្តែងល្ខោននេះ មិនសូវមានការចាប់អារម្មណ៍នោះទេ តែបច្ចុប្បន្នមានការចាប់អារម្មណ៍ច្រើនជាងមុន ប៉ុន្តែបើប្រៀបធៀបនឹងល្ខោនយីកេ និងបាសាក់គឺនៅមានកំម្រិត។ យ៉ាងណាក្តី ពួកគាត់ប្តេជ្ញាថា នឹងជួយលើកស្ទួយទស្សនីយភាពល្ខោនអាប៉េឱ្យរីកចំរើនបន្ថែមទៀត តាមរយៈការខិតខំសម្តែងឱ្យបានល្អ និងបន្តផ្សព្វផ្សាយទៅសារធារណជន។
ល្ខោនអាប៉េជាទម្រង់សិល្បៈសាមញ្ញមួយ ដែលយកការកំប្លុកកំប្លែងជាធំ។ អ្នកលេងល្ខោនអាប៉េសុទ្ធតែជាបុរស បើទោះជាមានតួនារីសម្តែងក៏ត្រូវតែជាបុរសតែងខ្លួនជាស្រីដែរ។ ទម្រង់ល្ខោននេះ អាចពង្រីកខ្លួនជាវង់ធំ ឬតូចបាន ទៅតាមកម្មវិធីតម្រូវ ដែលយករឿងបុរាណ បែបប្រវិត្តិសាស្រ្ត បែបសម័យ បែបដំណើរកថា និងបែបទេវកថាជាដើម៕ អត្ថបទ៖ទូច សោភ័ណ