បាល់ទាត់៖ តុលាការឥណ្ឌូនេស៊ីបានសម្រេចកាត់ទោសមន្ត្រីការប្រកួតបាល់ទាត់ ២នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ បន្ទាប់ពីរកឃើញថាមានទោសពីបទធ្វេសប្រហែសលើការរត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់ដ៏សាហាវបំផុតរបស់ពិភពលោក។

ការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya ក្នុងខែតុលា ឆ្នាំ២០២២ នៅទីក្រុង Malang នៃរដ្ឋ Java បានបញ្ចប់ដោយភាពចលាចលដោយមានអ្នកទស្សនាចំនួន ១៣៥នាក់បានបាត់បង់ជីវិត ហើយជាច្រើននាក់ទៀតរងរបួស ខណៈដែលពួកគេបានភៀសខ្លួនចេញ បន្ទាប់ពីការបង្ក្រាប់របស់ប៉ូលីសដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ហ្វូងមនុស្ស។ ចៅក្រមលោក Abu Achmad Shiddqi Hamsya បាននិយាយនៅតុលាការក្នុងទីក្រុង Surabaya ថាមន្ត្រីការប្រកួតម្នាក់ឈ្មោះ Abdul Haris ត្រូវបានគេរកឃើញថាមានទោស "ដោយសារតែការធ្វេសប្រហែសរបស់គាត់ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ"។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ។
ចៅក្រមក៏បានរកឃើញថា មន្ត្រីសន្តិសុខ Suko Sutrisno មានទោសពីបទធ្វេសប្រហែស ហើយបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារមួយឆ្នាំ ហើយអ្នកទាំងពីរក៏ត្រូវហាមឃាត់មិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ ការស៊ើបអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់ឥណ្ឌូនេស៊ី បានរកឃើញមូលហេតុចម្បងនៃការរត់ជាន់គ្នា គឺប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សចំនួន ៤៥ជុំ ដែលទង្វើនេះត្រូវបាន FIFA ហាមឃាត់ និងមិនមែនជាវិធានការគ្រប់គ្រងហ្វូងមនុស្ស៕
អត្ថបទ៖នាង សុភាវុធ