រុស្ស៊ី៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា ក្រុប (Wagner) បាននិយាយថា កងកម្លាំងរបស់លោកជិតចូលដល់កណ្តាលនៃសមរភូមិមុខរបស់ទីក្រុង Bakhmut ហើយ។ នៅក្នុងវីដេអូដែលបានបង្ហោះនៅតាម Telegram កាលពីថ្ងៃសៅរ៍ លោក Yevgeny Prigozhin ត្រូវបានគេឃើញឈរនៅលើដំបូលនៃអគារខ្ពស់មួយ ជាអ្វីដែលលោកអះអាងថាជាទីក្រុង Bakhmut។

លោក Prigozhin បាននិយាយនៅក្នុងវីដេអូដោយចង្អុលទៅអគារមួយនៅពីចម្ងាយថា "នេះគឺជាអគាររបស់រដ្ឋបាលក្រុង នេះគឺជាមជ្ឈមណ្ឌលរបស់ទីក្រុង។ សារព័ត៌មាន Al Jazeera មិនអាចផ្ទៀងផ្ទាត់ទីតាំងដែលថតបាននោះទេ។ លោក Prigozhin បាននិយាយថា អ្វីដែលសំខាន់បំផុតឥឡូវនេះគឺត្រូវទទួលបានគ្រាប់រំសេវបន្ថែមទៀតពីកងទ័ពហើយ "ឆ្ពោះទៅមុខ"។ លោកបាននិយាយថា កងកម្លាំងរបស់លោកត្រូវការគ្រាប់រំសេវចំនួន ១០.០០០តោនក្នុងមួយខែសម្រាប់ការប្រយុទ្ធ។
ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា បាននឹងកំពុងដឹកនាំការវាយលុកលើទីក្រុងនានានៅភាគខាងកើតរបស់អ៊ុយក្រែន រួមទាំង Bakhmut ដែលបានក្លាយជាសមរភូមិប្រយុទ្ធដ៏យូរបំផុត និងបង្ហូរឈាមបំផុតនៃការវាយលុកពេញមួយឆ្នាំរបស់រុស្ស៊ី។ ភាគីទាំងពីរបានរងការខាតបង់យ៉ាងខ្លាំងនៅជុំវិញក្រុង Bakhmut នេះ៕
អត្ថបទ៖ សុខមាន