អ៊ុយក្រែន៖ សម្ព័ន្ធមិត្តមួយរូបរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងជាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ីវ៉េកណា ក្រុប (Wagner group) លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានភាពនៅក្នុងទីក្រុង Bakhmut របស់ប្រទេសអ៊ុយក្រែនយ៉ាប់យ៉ឺនខ្លាំងណាស់។

នៅក្នុងសេចក្ដីថ្លែងការណ៍ជាសំឡេងដែលបានបញ្ចេញដោយសារព័ត៌មានរបស់លោក លោក Prigozhin បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់លោកដែលចូលទៅកាន់ជិតដល់កណ្ដាលទីក្រុងនេះ ជួបការលំបាកកាន់តែខ្លាំង ហើយការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំ និងរថក្រោះបានដាក់គោលដៅលើទាហានរបស់លោក។ លោកបានបន្ថែមថា អ៊ុយក្រែនបានបញ្ជូនទាហានបម្រុងជាបន្តបន្ទាប់ ប៉ុន្តែយើងកំពុងវាយរុលទៅមុខ ហើយយើងនឹងរុលទៅមុខបន្ថែមទៀត។
លោក Progozhin បានពន្យល់ថា សមាជិកនៃកងទ័ពរបស់រុស្ស៊ីបានជួយផ្ដល់គ្រាប់រំសេវឲ្យទាហានរបស់លោក។ លោកថា កាលពីម្សិលមិញយើងបានទទួលរថយន្តដឹកទំនិញចំនួន ១៥គ្រឿង ថ្ងៃនេះយើងទទួលបាន ១២គ្រឿង ហើយខ្ញុំគិតថា យើងនឹងបន្តទទួលបានថែមទៀត លោកបានបន្ថែមថា គ្មានការផ្ទុះជម្លោះណាមួយរវាងក្រុមអ្នកប្រយុទ្ធវ៉េកណា និងកងទ័ពរុស្ស៊ីនោះទេ៕
អត្ថបទ៖ សុខមាន