ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទានជាប្រាក់កម្ចី ទៅដល់ក្រុមហ៊ុនអាជីវកម្ម ចំនួនជាង ១ ពាន់ក្រុមហ៊ុន/អាជីវកម្ម គិតជាទឹកប្រាក់កម្ចីមានទំហំប្រមាណជិត ៤៥ ប៊ីលានរៀល ត្រូវជាង ៩៣ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។
សាជីវកម្មធានាឥណទានកម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃការធានាឥណទាន នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ បើគិតត្រឹម ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាមានចំនួនប្រមាណ ៩៣.៧៥ លានដុល្លារអាមេរិក ដោយបានគាំទ្រដល់ក្រុមហ៊ុនអាជីវកម្ម ១ ១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងនោះការផ្តល់ឥណទានមានការធានា មានចំនួនទឹកប្រាក់ជាង ៦៩ លានដុល្លារ ខណៈការផ្តល់ឥណទានមិនមានការធានា មានទឹកប្រាក់ជាង ២៦ លានដុល្លារ, ដើម្បីគាំទ្រ និងធានាដល់ការអភិវឌ្ឍរបស់ដល់សហគ្រាសធុនតូច និងមធ្យម ។
សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទានដែលគ្រប់គ្រងអាជីវកម្មដោយស្រ្តី មានចំនួន ៤៣៣ មូលដ្ឋាន ការផ្តល់ដល់សហគ្រាសខ្នាតធំ មាន ៨១ មូលដ្ឋាន និងការផ្តល់ទៅដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ១០៧៤ មូលដ្ឋាន។
សូមបញ្ជាក់ថា ទាក់ទិនការផ្តល់កម្ចីឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក កាលពីខែ មីនា ឆ្នាំ ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
ក្នុងនាពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នងនៃសសេដ្ឋកិច្ច ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី