កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃពុធ ទី១៥មីនានេះថា កងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នា និងបានអនុវត្តន៍ការសាងសង់ស្ពានធុងអណ្ដែតទឹកដើម្បីចម្លងរថយន្តយោធា ព្រមទាំងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតឆ្លងកាត់ទន្លេ។
ក្រសួងនេះនិយាយថា ទាហានប្រហែល ៤០០នាក់ និងគ្រឿងយុទ្ធោបករណ៍ ៥០គ្រឿង និងឧទ្ធម្ភាគចក្រ Apache ចំនួន ២គ្រឿងត្រូវបានចល័តសម្រាប់សមយុទ្ធយោធារួមគ្នាកាលពីថ្ងៃចន្ទ ទី១៣ នៅក្នុងតំបន់ Yeoncheon ស្ថិតនៅចម្ងាយប្រហែល ៦៥គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីសេអ៊ូល។ សម្ព័ន្ធមិត្តទាំង២ នេះបាននិយាយថា សមយុទ្ធនេះជារឿងចាំបាច់ក្នុងការរារាំងកូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលដ៏ច្រើនលើសពីឆ្នាំមុន ដោយបង្កើនក្ដីបារម្ភពីការបាញ់គ្រាប់នុយក្លេអ៊ែរថ្មីជាលើកដំបូងចាប់តាំងពីឆ្នាំ២០២៧ មក។
កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នានេះថា ជាការហាត់សមត្រៀមឈ្លានពាន និងភស្តុតាងនៃគោលនយោបាយអរិភាពពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KRT បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ២គ្រាប់ចេញពីនាវាមុជទឹក មួយថ្ងៃមុនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើមសមយុទ្ធរបស់ខ្លួន៕
អត្ថបទ៖ សុខមាន