អាមេរិក៖ សារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា គណៈកម្មការភាគហ៊ុន និងអត្រាប្ដូរប្រាក់ និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតពីមូលហេតុដែលធ្វើឲ្យធនាគារ Silicon Valley Bank (SVB) ដួលរលំ បានក្លាយជាធនាគារធំបំផុតទី២ បានដួលរលំនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ ការស៊ើបអង្កេតដែលត្រូវបានធ្វើដាច់ដោយឡែកពីគ្នា និងក្នុងដំណាក់កាលដំបូង រួមមានការតាមដានការលក់ភាគហ៊ុនដែលក្រុមនាយកប្រតិបត្តិរបស់ធនាគារ SVB បានធ្វើ មុនពេលការដួលរលំរបស់ធនាគារផ្ដោតលើបច្ចេកវិទ្យាមួយនេះ។ សារព័ត៌មាន WSJ បាននិយាយថា ក្រុមរដ្ឋអាជ្ញា និងនិយ័តករតែងបើកការស៊ើបអង្កេត ក្រោយស្ថាប័នហិរញ្ញវត្ថុ ឬក្រុមហ៊ុនរដ្ឋនានាជួបបញ្ហាធ្ងន់ធ្ងរ ការខាតបង់ដែលនឹកស្មានមិនដល់។ ភាគហ៊ុននៅក្នុងក្រុមហិរញ្ញវត្ថុរបស់ធនាគារ SVB ដែលធ្លាប់បានគ្រប់គ្រងធនាគារនេះបានធ្លាក់ចុះ ៦០% កាលពីសប្ដាហ៍មុន និងត្រូវបានបញ្ឈប់មិនឲ្យជួញដូរចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។
និយ័តករធនាគារនេះបានបង្ហាញថា លោក Daniel Beck ប្រធានផ្នែកគ្រប់គ្រងហិរញ្ញវត្ថុធនាគារ SVB បាននិយាយថា ធនាគារនេះលក់ភាគហ៊ុនចំនួន ២ពាន់របស់ហិរញ្ញវត្ថុធនាគារ SVB កាលពីថ្ងៃទី២៧កុម្ភៈ នៅថ្ងៃតែមួយដែលអគ្គនាយកធនាគារលោក Gregory Becker បានលក់ភាគហ៊ុនចំនួន ១២.៤៥១។ ធនាគារ SVB ត្រូវបានបិទដោយក្រុមប្រតិបត្តិករអាមេរិកកាលពីថ្ងៃសុក្រ បន្ទាប់ពីធនាគារផ្ដល់ប្រាក់កម្ចីផ្ដោតលើបច្ចេកវិទ្យាមួយនេះ បានរាយការណ៍ពីការខាតបង់ដ៏ធំពីការលក់ដែលបណ្ដាលឲ្យអស់ប្រាក់បញ្ញើរបស់ធនាគារ។ វាបានធ្វើឲ្យក្លាយជាការដួលរលំធនាគារធំបំផុតទី២ ក្នុងប្រវត្តិសាស្ត្រអាមេរិក និងយ៉ាងឆាប់រហ័ស ក្រោយការបិទធនាគារ Signature Bank ដែលជាធនាគារផ្ដល់ប្រាក់កម្ចីផ្នែករូបិយប័ណ្ណគ្រីបតូ ឬរូបិយប័ណ្ណឌីជីថលកាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខមាន