
អន្ដរជាតិ៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Bidenបានទាមទារឲ្យម្ចាស់ក្រុមហ៊ុន TikTok បោះបង់ភាគហ៊ុនរបស់ពួកគេនៅក្នុងកម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ បើពុំដូច្នោះទេ ពួកគេនឹងប្រឈមបំរាមអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់ក្រុមហ៊ុនចិនមួយនេះ។
កាសែត Wall Street Journal រាយការណ៍ថា វិធានការខាងលើ គឺជាវិធានការដ៏គួរភ្ញាក់ផ្អើលបំផុតធ្វើឡើងដោយក្រុមមន្រ្តី និងក្រុមនិយ័តករសហរដ្ឋអាមេរិក ដោយសារពួកគេបង្ហាញក្តីកង្វល់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក នឹងអាចបញ្ជូនទៅកាន់រដ្ឋាភិបាលចិន។
គួរឲ្យដឹងថា កម្មវិធី TikTok មានអ្នកប្រើប្រាស់ជាង ១០០លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។ វាគឺជាលើកដំបូងហើយក្រោមរដ្ឋបាលរបស់លោក Biden ដែលបំរាមលើក្រុមហ៊ុន TikTok ត្រូវបានគំរាមកំហែង។ អ្នកឡើងកាន់អំណាចមុនរបស់លោក គឺលោក Donald Trumpបានព្យាយាមចេញបំរាមលើក្រុមហ៊ុន TikTokដូចគ្នាកាលពីឆ្នាំ ២០២០ ប៉ុន្តែត្រូវបានរារាំងដោយតុលាការ៕
