ស្វីស៖ ម្ចាស់ភាគហ៊ុនសហរដ្ឋអាមេរិកនៃក្រមហ៊ុន Credit Suisse Group AG (CSGN.S) បានប្ដឹងធនាគារស្វីសកាលពីថ្ងៃព្រហស្បតិ៍ ដោយអះអាងថា ធនាគារនេះបានបោកប្រាស់ម្ចាស់ភាគហ៊ុនទាំងនោះ ដោយការលាក់បាំងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុរបស់ខ្លួន។

ពាក្យបណ្ដឹងតំណាងដែលបានស្នើឡើង បានចោទប្រកាន់ធនាគារ Credit Suisse ពីបទបោកប្រាស់វិនិយោគិនដោយការខកខានក្នុងការបង្ហាញថា ខ្លួនកំពុងរងគ្រោះពីការដកប្រាក់ដ៏ច្រើនរបស់អតិថិជន ហើយថា ខ្លួនមានចំណុចខ្សោយក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន លើរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុមម្ចាស់ភាគហ៊ុនដឹកនាំដោយអគ្គនាយកក្រុមហ៊ុន យុទ្ធសាស្ត្រផ្នែកលក់ និងទីផ្សារអតិថិជន (Sales Strategy & Customer Marketing) លោក Braden Turner បាននិយាយថា ខណៈការពិតត្រូវបានលាតត្រដាង ហើយម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារ Credit Suisse របស់ប្រទេសស្វីសនិយាយថា នឹងមិនបោះទុនប្រាក់បន្ថែមចូលក្នុងធនាគារនេះទេនោះ ក្រុមវិនិយោគិនបានដកលុយចេញដែលនាំឲ្យខាតបង ស្របពេលតម្លៃផ្សារភាគហ៊ុនរបស់ធនាគារ Credit Suisse ដាំក្បាលចុះដល់កម្រិតទាបបំផុត។
ពាក្យបណ្ដឹងនេះទំនងក្លាយជាបណ្ដឹងដំបូងបំផុត ធ្វើឡើងដោយក្រុមវិនិយោគិនសហរដ្ឋអាមេរិក ជុំវិញបញ្ហាថ្មីៗនៅធនាគារស្វីស ដែលបានស្ដារទំនុកចិត្តទីផ្សារឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ក្រោយទទួលបានការជួយជ្រោមជ្រែងផ្ដល់កម្ចីប្រាក់រហូតដល់ ៤៥ពាន់លានដុល្លារអាមេរិកពីធនាគារកណ្ដាលរបស់ស្វីស។ ធនាគារ Credit Suisse បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបណ្ដឹងនេះ ដែលត្រូវបានដាក់នៅតុលាការសហព័ន្ធនៅក្នុងទីក្រុង Camden រដ្ឋ New Jersey សហរដ្ឋអាមេរិក ៕
អត្ថបទ៖ សុខមាន