ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខ្នះខ្នែងយ៉ាងសកម្មបន្ថែមទៀត ដោយសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រមូលភស្តុតាងស្វែងរកវត្ថុបុរាណរបស់កម្ពុជា ដែលបានបាត់បង់អស់ជាច្រើនឆ្នាំមកហើយនោះ យកមកមាតុភូមិកំណើតរបស់ខ្លួនវិញ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ ដែលបានត្រឡប់មកវិញ នៅព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមសម្តេចតំណាងឲ្យប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិបានមកដល់ស្រុកកំណើតវិញជាបន្តបន្ទាប់នោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការអំពាវនាវយ៉ាងទទួចដល់ សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុបុរាណរបស់ខ្មែរដែលនៅ សេសសល់ដោយស្ម័គ្រចិត្តជូនមកឲ្យកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព ហើយក៏ជាការបង្ហាញនូវក្រម សីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្ដុង្គឧត្ដម ក្នុងការផ្សះផ្សារ និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្រ្គាមរំារ៉ៃ និងរងគ្រោះ ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហមនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតផងដែរ៕អត្ថបទបាន ចក់







