តាកែវ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ ជូនបង ប្អូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ រហូតដល់ដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចូលរួមចំនួន៥២៦៦នាក់ នៅរោងចក្រ អ៊ី ចេង(ខេមបូឌា)ខបភើរេសិន នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តតាកែវ និងជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥០០ នាក់ សហការជាមួយអាជ្ញាធរ មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនឹងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ រហូតដល់ដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ ជាពិសេសការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
ជាមួយគ្នានោះដែរ ឯកឧត្តម ជាប សត្ថារ័ត្ន រដ្ឋលេខាធិការតំណាង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លី សាវេត អភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តតាកែវ ក្នុងការពិនិត្យ ពិគ្រោះព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៧ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៨៦៦លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៤៦,៤៤២នាក់ (ដប់មួយលាន ហាសិបបួនម៉ឺន ប្រាំមួយពាន់ បួនរយ សែសិបពីរ នាក់) គិតត្រឹម ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចំនួនជាង១ ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ។ ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៤១៧,០០៤ដូស (ដប់លាន សែសិបមួយម៉ឺនប្រាំពីរពាន់បួន ដូស) ក្នុង២៥រាជធានី-ខេត្ត ផងដែរ៕ អត្ថបទ ៖ រដ្ឋា
















