រុស្ស៊ី៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានដាក់ចេញលក្ខខណ្ឌ សំរាប់ការយល់ព្រមឲ្យសុពលភាពបន្ដកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ក្រុងម៉ូស្គូអាចបញ្ជូនគ្រាប់ធញ្ញជាតិទៅបណ្ដាប្រទេសនៅអាហ្វ្រិកដោយមិនគិតថ្លៃ ប្រសិនបើលក្ខខណ្ឌខាងលើមិនមានឧបសគ្គ។

កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិ ដោយសុវត្ថិភាពពីប្រទេសអ៊ុយក្រែន និងកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ីត្រូវបានចាប់ផ្ដើមជាថ្មីកាលពីថ្ងសៅរ៍សំរាប់រយៈពេល ៦០ថ្ងៃ ដែលត្រឹមតែពាក់កណ្តាលនៃរយៈពេលទាមទារឲ្យបន្ថែម បន្ទាប់ពីក្រុងម៉ូស្គូបាននិយាយថា ការបន្ដកិច្ចព្រមព្រៀងណាមួយហួសពីថ្ងៃទី១៨ ខែឧសភា នឹងអាស្រ័យទៅលើការដកទណ្ឌកម្មចេញខ្លះរបស់បស្ចិមប្រទេស។
ក្រសួងការបរទេសរុស្ស៊ីក្នុងការបង្ហោះសេចក្ដីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទបានសម្រេចថា ក្រុងម៉ូស្គូបានសំរេចដាក់កម្រិតទៅលើការបន្ដកិច្ចព្រមព្រៀង ៦០ថ្ងៃជុំវិញបញ្ហាដែលខ្លួនហៅថា កង្វះភាពរីកចំរើននៅក្នុងការធ្វើឲ្យប្រក្រតីភាពឡើងវិញ នៃការនាំចេញកសិផលក្នុងស្រុក។ ដោយឡែកអ៊ុយក្រែនរួមជាមួយទួរគី និងអង្គការសហប្រជាជាតិចង់ឲ្យបន្ដកិច្ចព្រមព្រៀងនេះរយៈពេល ១២០ថ្ងៃ៕
អត្ថបទ៖ ម៉ៅ មករា